កាលពីពេលថ្មីៗនេះ មេធាវីរបស់ Elon Musk បានទម្លាយនៅក្នុងឯកសារដែលបានដាក់ទៅកាន់តុលាការថា មេធំ Tesla គឺពិតជាសក្ដិសមបំផុត សម្រាប់ទទួលបានប្រាក់លើកទឹកចិត្តច្រើនជាង ៥០ ពាន់លានដុល្លារ ដោយសារស្នាដៃដែលលោកបានជួយដល់ក្រុមហ៊ុន។
យោងតាមការចុះផ្សាយពី Thenationalnews បានទម្លាយថា ក្រុមវិនិយោគិនទំនងជាមិនចង់បញ្ចេញកញ្ចប់ទឹកប្រាក់រាប់សិបពាន់លានដុល្លារដល់ Elon Musk ដោយសំអាងហេតុផលថា លោកជាអ្នកនាំបញ្ហាដល់ក្រុមហ៊ុន ដូចជាបង្ហោះសារប្លែកៗលើ Twitter បណ្ដាលឲ្យតម្លៃហ៊ុនរបស់ Tesla ធ្លាក់ចុះច្រើនសន្ធឹកកាលពីពេលកន្លងទៅ។
យ៉ាងណា ក្រុមមេធាវីរបស់មហាសេដ្ឋីមានបំផុតលើលោកក៏បានឆ្លើយតប ជាមួយអំណះអំណាងខាងលើផងដែរ ដោយពួកគេលើកឡើងថា Elon Musk គឺជាប្រធានក្រុមហ៊ុនល្អបំផុតមួយរូប ដែលជួយក្រុមហ៊ុនបានច្រើនសឹងតែរាប់មិនអស់ ដូចជាបង្កើនការលក់រថយន្តច្រើនបំផុតប្រចាំប្រវត្តិសាស្ត្រ និងពង្រីកទីផ្សារ Tesla រហូតក្លាយជាក្រុមហ៊ុនផលិតរថយន្តធំបំផុតមួយលើលោកជាដើម។
ជាការពិត តម្លៃនៃក្រុមហ៊ុន Tesla បានកើនពី ៥៩ ពាន់លានដុល្លារ រហូតដល់ជាង ៦៩០ ពាន់លានដុល្លារក្នុងរយៈពេល ៤ ឆ្នាំ ដោយសារការខិតខំប្រឹងប្រែងរបស់ Elon Musk ដូច្នេះវាគឺជារឿងត្រឹមត្រូវបំផុត ដែលក្រុមហ៊ុនត្រូវតបស្នងចំពោះ Elon Musk វិញ។
សូមជម្រាបដែរថា កញ្ចប់ថវិកាប្រមាណ ៥០ ពាន់លានដុល្លារដែល Elon Musk កំពុងទាមទារនេះ ក៏នឹងត្រូវរាប់បញ្ចូលពីហ៊ុន Tesla ប្រមាណ ១០០ លានហ៊ុន ក្នុងរយៈពេល ១២ ខែទៀតដែរ បើសិនជាក្រុមហ៊ុនអាចសម្រេចផែនការដែលបានគ្រោងទុក អំឡុងពេលស្ថិតក្រោមការគ្រប់គ្រងរបស់មហាសេដ្ឋីអាមេរិក៕