សិង្ហបុរី នឹងតំឡើងប្រាក់ខែមន្ត្រីជាង ២ ម៉ឺននាក់នៅក្រសួងមហាផ្ទៃ រហូតដល់ ១០%

អន្តរជាតិ

ក្រសួងមហាផ្ទៃនៃប្រទេសសិង្ហបុរី (MHA) បានបញ្ជាក់ថាមន្ត្រីរបស់ខ្លួន ប្រហែល ២២ ០០០ នាក់ នឹងទទួលបានការដំឡើងប្រាក់បៀវត្សរ៍ប្រចាំខែ ចន្លោះពី ៣% ទៅ ១០% ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំក្រោយទៅ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងបាននិយាយនៅថ្ងៃចន្ទថា ក្រុមមន្ត្រីរបស់ខ្លួន នឹងទទួលបានការកែសម្រួលទៅលើប្រាក់ខែគោលរបស់ពួកគេ ដោយសារតែរដ្ឋាភិបាល ចាត់ទុកថាអ្នកដែលធ្វើការនៅក្នុងក្រសួងនេះ បានដើរ​តួ​យ៉ាងសំខាន់ ក្នុងការរក្សាប្រទេសសិង្ហបុរី ឱ្យមានភាពកក់ក្តៅ និងសុខសុវត្ថិភាព ។

“ ការកែសម្រួលប្រាក់បៀវត្សរ៍នេះ គឺជាលទ្ធផលនៃការត្រួតពិនិត្យតាមកាលកំណត់របស់ក្រសួងមហាផ្ទៃ ដើម្បីធានាបានថា កញ្ចប់ប្រាក់បៀវត្សរ៍របស់មន្ត្រីរបស់យើង ដើរទន្ទឹមគ្នានឹងទីផ្សារ និងនៅតែមានការប្រកួតប្រជែង។ ហើយការដំឡើងប្រាក់ខែនេះ នឹងអាចបន្តទាក់ទាញ និងរក្សាទុកមន្ត្រីល្អៗ ” នេះបើយោងតាមក្រសួងមហាផ្ទៃលើកឡើង ។

មិនតែប៉ុណ្ណោះ ក្រៅពីការកែសម្រួលប្រាក់បៀវត្សរ៍ ក្រសួងមហាផ្ទៃ ក៏នឹងបន្តផ្តល់ឱកាសការងារដល់មន្ត្រីរបស់ខ្លួន នៅក្នុងក្រុម Home Team ក៏ដូចជាផ្តល់ការរៀនសូត្រ និងអភិវឌ្ឍពួកគេបន្ថែមទៀតផងដែរ។

គួរឱ្យដឹងថា កាលពីខែមិថុនា នាយកដ្ឋានសេវាធារណ:សិង្ហបុរី (PSD) ក៏បានប្រកាសដំឡើងប្រាក់បៀវត្ស៍ពី ៥% ទៅ ១៤% សម្រាប់មន្ត្រីរបស់ខ្លួន ប្រហែល ២៣ ០០០ នាក់ផងដែរ ដោយវាបានចូលជាធរមានចាប់ពីថ្ងៃទី ១ ខែសីហាទៅ ៕