ក្រុមហ៊ុនជប៉ុន Bridgestone ចាប់ផ្តើមប្រកាសលក់អាជីវកម្មខ្លួនទាំងអស់នៅរុស្ស៊ី

អន្តរជាតិ

ក្រុមហ៊ុនជប៉ុន Bridgestone Corp ដែលជាក្រុមហ៊ុនផលិតសំបកកង់លំដាប់កំពូលមួយរបស់ពិភពលោក បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងចង់ដើរចេញពីទីផ្សាររុស្ស៊ីហើយ ក្រោយប្រកាសរកអ្នកទិញអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសនេះ បន្ទាប់ពីមានភាពមិនលាស់លើទស្សនវិស័យសេដ្ឋកិច្ច ក៏ដូចជាមានបញ្ហាទៅលើការផ្គត់ផ្គង់ ដែលកំពុងបន្តកើតមាន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា កាលពីខែមីនា ក្រុមហ៊ុន Bridgestone បានសម្រេចចិត្តផ្អាកសកម្មភាពផលិតកម្មទាំងអស់ និងថែមទាំងធ្វើការបញ្ឈប់ការវិនិយោគថ្មីៗ នៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីកើតមានការឈ្លានពានទៅលើប្រទេសអ៊ុយក្រែនមក ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងតូក្យូមួយនេះ បាននិយាយថា ដំណើរការស្វែងរកអ្នកទិញ រួមទាំងការធ្វើកិច្ចព្រមព្រៀងលើការលក់អាជីវកម្មរបស់ខ្លួន ទំនងជានឹងត្រូវចំណាយពេលច្រើនខែទើបរួចរាល់ ស្របពេលការចាកចេញនេះ អាចនឹងធ្វើឱ្យក្រុមហ៊ុន ខាតបង់ទឹកប្រាក់ប្រមាណ ១៦,៨ ពាន់លានយ៉េន (១១៣,៥ លានដុល្លារ) និងការការខាតបង់ផ្សេងទៀត នៅក្នុងត្រីមាសទីពីរ ។

Bridgestone អាចរាប់បានថាជាក្រុមខ្នាតយក្សបរទេសផ្សេងទៀត ដែលសម្រេចចិត្ត ឈប់ធ្វើអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីប្រទេសនេះ ទទួលបានការដាក់ទណ្ឌកម្មពីជុំវិញពិភពលោក ចាប់តាំងពីកើតមានសង្គ្រាមមក ដែលធ្វើឱ្យក្រុមហ៊ុនធំៗទាំងនោះ ជួបការលំបាកខ្លាំង ដើម្បីបន្តធ្វើអាជីវកម្មរបស់ពួកគេ៕