ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង ហ៊ានសាងសង់បុរីធំៗចំនួនពីរ គឺបុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) និងបុរី វិមានសំណាង (Borey Vimean Samnang) នៅអំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩ ខណៈដែលអ្នកអភិវឌ្ឍន៍ភាគច្រើន បានសម្រេចចិត្តផ្អាក ឬពន្យាពេលគម្រោងរបស់ខ្លួន។
លោកឧកញ៉ា គីម ហ៊ាង បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា នៅក្នុងពេលមានវិបត្តិ លោកបានមើលឃើញឱកាស ដែលអាចបានផលចំណេញច្រើន ដោយសារតែសម្ភារៈសំណង់ចុះថ្លៃ និងតម្លៃពលកម្មថោក ជាដើម។
លោកឧកញ៉ា បានបញ្ជាក់បន្ថែមថា៖ “នៅពេលមានវិបត្តិ ហើយយើងនៅតែសាងសង់ នៅតែវិនិយោគ វានឹងបញ្ជាក់ថា អ្នកណាខ្លាំងពិតប្រាកដ។ ដូច្នេះទើបខ្ញុំចាប់ឱកាសក្នុងវិបត្តិ និងមិនសូវចាប់ឱកាសនៅពេលដែលគ្រប់គ្នា មើលឃើញជាឱកាសនោះទេ ព្រោះពេលនោះ ជាពេលដែលមានផលចំណេញតិច។ នៅពេលទាំងអស់គ្នាពិបាកលក់ ខ្ញុំនៅតែលក់បានជាហូរហែរ បើទោះជាបុរីភាគច្រើនលក់មិនបានច្រើនក្តី។ យើងសាងសង់ដោយផ្តោតលើគុណតម្លៃ និងផ្តល់នូវគុណតម្លៃដល់អតិថិជន ព្រោះយើងបានបំពេញតាមលក្ខខណ្ឌអាកាសធាតុ ធម្មជាតិ និងបែបផែននៃការរស់នៅសម័យថ្មីដល់អតិថិជន”។
គួរបញ្ជាក់ថា បុរីទី១ ខេអេស រ៉េស៊ីដេន របស់ឧកញ៉ា គីម ហ៊ាង មានទីតាំងនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ បុរីនេះ ផ្តោតសំខាន់លើការអភិវឌ្ឍលំនៅដ្ឋានប្រភេទផ្ទះលីងវីឡា (Link Villa) និងវីឡាកូនកាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ដែលមានការកើនឡើងកាន់តែខ្លាំង សម្រាប់លំនៅដ្ឋានប្រភេទនេះ។
គម្រោងបុរីដ៏ស្រស់ស្អាតនេះ មានលំនៅដ្ឋានសរុបចំនួនជាង ២០០ យូនីត ដែលអភិវឌ្ឍលើផ្ទៃដីទំហំ ៣៤,០៩៧ ម៉ែត្រការ៉េ ហើយផ្ទះទាំងជាង ២០០នោះ បានបញ្ចប់ការសាងសង់ ១០០%។ អតិថិជន ដែលទិញផ្ទះក្នុងគម្រោងបុរី KS Residence នឹងទទួលសោរចូលរស់នៅតែម្ដង។
ចំណែកឯបុរីទី២ គឺបុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីនបែបក្លាសិក វីឡាឃ្វីនបែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕