សម្ភារៈ និងឡានការពារសុវត្ថិភាពប្រធានាធិបតីអាមេរិក ចូ បៃឌិន ដឹកតាមយន្តហោះមកដល់កម្ពុជាហើយ

សង្គម​ និង​សេដ្ឋកិច្ច

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កិច្ចប្រជុំកំពូលអាស៊ាន នឹងចាប់ផ្តើមនៅក្រុងភ្នំពេញដែលមានការចូលរួមពីមេដឹកនាំបណ្តាលប្រទេសអាស៊ាន និងមេដឹកនាំមហាអំណាចលើពិភពលោក។ ក្នុងនោះ បើមិនមានអ្វីប្រែប្រួលទេ ប្រធានាធិបតីអាមេរិក ចូ បៃឌិន នឹងអញ្ជើញមកដោយផ្ទាល់ ខណៈលោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្សុី កម្ពុជាក្នុងឋានៈជាម្ចាស់ផ្ទះក៏បានដាក់លិខិតអញ្ជើញរួចរាល់ហើយដែរ ប៉ុន្តែមកទល់ពេលនេះមិនទាន់មានការឆ្លើយតបនៅឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ានបូក ឆ្នាំ២០២២នេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីដំណើរការព្រឹត្តិការណ៍នេះឲ្យមានភាពរលួន សុវត្ថិភាព ប្រកបដោយផ្លែផ្កា ខណៈទីតាំងកិច្ចប្រជុំកំពូលអាស៊ាន នឹងរៀបចំឡើងនៅសណ្ឋាគារលំដាប់ផ្កាយ ៥ សុខា ភ្នំពេញ របស់អ្នកឧកញ៉ា សុខ គង់ ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក៏បានត្រៀមការពារសន្តិសុខនៅតាមគោលដៅរួចរាល់ហើយដែរ។

យ៉ាងណា បើទោះបីកម្ពុជា ត្រៀមការពារសុវត្ថិភាពជូនមេដឹកនាំប្រទេសដែលអញ្ជើញមកចូលរួមប្រជុំឆ្នាំនេះក្តី ក៏មានមេដឹកនាំប្រទេសមហាអំណាចមួយបានដឹកជញ្ជូនសម្ភារៈ និងរថយន្តផ្ទាល់ខ្លួនតាមរយៈយន្តហោះមកដល់កម្ពុជាហើយដែរ សម្រាប់ការពារសុវត្ថភាព។

នៅម៉ោង ១៣: ៥០នាទី ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២២ យន្តហោះ U.S. Air Force របស់សហរដ្ឋអាមេរិកចំនួនពីរគ្រឿង បានដឹកជញ្ជូនសម្ភារៈ និងរថយន្តចំនួន២ សម្រាប់ប្រើប្រាស់ការពារសុវត្ថិភាពជូនប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាព្រឹកថ្ងៃអង្គារទី១វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «មិនមែនសហរដ្ឋអាមេរិកមិនទុកចិត្តកម្ពុជានោះទេ ប៉ុន្តែអាមេរិកទៅណាតែងតែដឹកឡានទៅជាមួយ ហើយអាចនឹងប្រធានាធិបតីរុស្សុី ពូទីន ក៏នឹងដឹកឡានរបស់គាត់មកដែរ ជាទម្លាប់របស់ពួគគាត់»។

សម្តេចតេជោបានបញ្ជាក់ថា សម្រាប់មេដឹកនាំដទៃទៀតគឺប្រើប្រាស់រថយន្តដែលកម្ពុជារៀបចំ។

សម្តេចនាយករដ្ឋមន្រ្តីក្នុងនាមប្រធានអាស៊ាន បានថ្លែងគូសបញ្ជាក់ថា៖ «ការជួបជុំនេះមិនមែនជាបញ្ហាតូចតាចនោះទេ សម្រាប់កម្ពុជាដែលជាប្រទេសក្រីក្រមួយ ប៉ុន្តែយើងក៏ត្រូវដឹងច្បាស់ពីខ្លួនឯង ដោយសារប្រទេសយើងមានសន្តិភាពទើបមិត្តភ័ក្រ្តហ៊ានមក ដោយសារតែប្រទេសយើងមិនមានសកម្មភាពវាយប្រហារភេវកម្ម ដែលយើងការពារបានសន្តិសុខសណ្តាប់ធ្នាប់សង្គមទើបមិត្តភ័ក្រ្តយើងមកប្រជុំសុទ្ធតែជាមហាអំណាច»។

គួររម្លឹកបន្តិថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ៕

រូបភាព៖ ហ្វេសប៊ុក រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ