កាលពីពេលថ្មីៗនេះ រថយន្ត ២ គ្រឿងសម្រាប់បម្រើ និងការពារសុវត្ថិភាពរបស់ប្រធានាធិបតីអាមេរិកដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាតាមរយៈយន្តហោះ U.S. Air Force។
ក្នុងនោះផងដែរ គេសង្កេតឃើញថា មានរថយន្តមួយគ្រឿងដែលតែងតែលេចវត្តមាន រាល់ពេលប្រធានាធិបតីធ្វើដំណើរទស្សនកិច្ចម្ដងៗ មិនថាក្នុងឬក្រៅប្រទេសឡើយ ដោយរថយន្តមួយគ្រឿងនោះ ជាប្រភេទរថយន្ត SUV កែច្នៃ Ford F-350 Super Duty មានទ្វារ ៦ និងអង់តែនផ្កាយរណបនៅលើដំបូល។
រថយន្តអបដំណើរប្រធានាធិបតីមួយគ្រឿងនេះ ត្រូវបានភ្នាក់ងារសំងាត់ដាក់ឈ្មោះថា Roadrunner ហើយត្រូវបានប្រើប្រាស់ជាមធ្យោបាយរក្សាទំនាក់ទំនងរវាងប្រធានាធិបតី និងមេបញ្ជាការកងទ័ពអាមេរិកទាំងអស់។
ដោយសារផលិតឡើងដោយក្រុមហ៊ុនជំនាញផ្នែកកែច្នៃរថយន្តរថពាសដែក The Armored Group ដូច្នេះ Roadrunner សម្រិតសម្រាំងយ៉ាងពិសេស ក្នុងគោលបំណងប្រើប្រាស់ជារថយន្តអបដំណើរប្រធានាធិបតី ហើយវាក៏ត្រូវប្រើប្រាស់ជាទីសុវត្ថិភាពបំផុត សម្រាប់ប្រធានាធិបតីពិភាក្សាពីរឿងសំងាត់ ដោយសារឃ្លុបរថយន្តគឺប្រៀបដូចជាទូដែកដ៏រឺងមាំមួយ។
ក្រឡេកទៅមើលបច្ចេកវិទ្យាបំពាក់លើ Roadrunner វិញ គឺទំនើបបំផុត ពោលអាចប្រើប្រាស់ផ្កាយរណប ទាក់ទងទៅកាន់សេតវិមាន និងទីបញ្ជាការសហរដ្ឋអាមេរិកបានភ្លាមៗ ជាមួយនឹងប្រព័ន្ធការពារដ៏រឹងមាំ ពីការវាយប្រហារតាមរយៈប្រព័ន្ធឌីជីថល និងដោយផ្ទាល់។
ហើយកាន់តែអស្ចារ្យទៀតនោះ គឺមានលឺចចាមអារ៉ាមថា ប្រធានាធិបតីអាមេរិកអាចបញ្ជាការបំផ្ទុះអាវុធនុយក្លេអ៊ែរពីក្នុងរថយន្ត Roadrunner នេះទៀតផង។
យ៉ាងណា មិនមានព័ត៌មានច្បាស់ការណាមួយដែលបញ្ជាក់ពីតម្លៃពិតប្រាកដនៃរថយន្តអបដំណើរប្រធានាធិបតីនេះឡើយ ខណៈតម្លៃនៃ Ford F-350 ធម្មតាអាចមានចាប់ពីជាង ៣ ម៉ឺនដុល្លារឡើងទៅ ប៉ុន្តែបើយកមកច្នៃទំនើបម្លឹងៗ Roadrunner ប្រាកដជាមានតម្លៃមិនថោកនោះឡើយ៕