ថ្លែងក្នុងឱកាសបើកវេទិកាជាន់ខ្ពស់ ស្តីពីគម្រប់ខួបអនុស្សាវរីយ៍១០ឆ្នាំ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នាព្រឹកថ្ងៃពុធ ទី២ វិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីពិភពលោកកំពុងតែត្រូវបានហ៊ុមដោយហានិភ័យស្រួចស្រាល ដូចជាការប្រែប្រួលអាកាសធាតុ ភាពតានតឹងនៃស្ថានភាពភូមិសាស្ត្រនយោបាយតំបន់ ជាពិសេសសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ព្រមទាំងសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យានានា។
ទន្ទឹមនឹងនេះ សម្តេចតេជោ បានអះអាងថា បញ្ហាទាំងអស់នេះ កំពុងជះឥទ្ធិពលអវិជ្ជមានដែលមិនអាចប៉ាន់ប្រមាណបាន និងអាចបង្កើតជាភាពស្មុគស្មាញ និងភាពវឹកវរដល់ការអភិវឌ្ឍក្នុងតំបន់ និងសកល សម្រាប់រយៈពេលខ្លី និងមធ្យម។
ក្នុងបរិបទនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីតួនាទីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិបជាយន្តការមួយយ៉ាងសំខាន់ និងក៏ជាយុទ្ធសាស្ត្រ ដែលបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេក្នុងការការពារប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដែលផ្អែកលើគោលការណ៍ច្បាប់ ការបន្តបើកចំហសេដ្ឋកិច្ច និងរក្សាបាននូវស្មារតីសហប្រតិបត្តិការរួមគ្នា។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា អាសិបមានសក្តានុពលខ្ពស់ក្នុងការជំរុញដោះស្រាយនូវបញ្ហាប្រឈមធំៗ ដូចជាការពង្រឹងច្រវាក់តម្លៃសកល ការពន្លឿនឌីជីថលូបនីយកម្ម ការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ និងការទប់ស្កាត់ការប្រឆាំងនឹងនិន្នាការសកលភាវូបនីយកម្ម និងការគាំពារនិយមនេះម្យ៉ាង និងម្យ៉ាងទៀត អាសិបក៏មានតួនាទីសំខាន់ក្នុងការចូលរួមចំណែកក្នុងការរក្សានូវវិបុលភាព និងស្ថិរភាពនយោបាយតំបន់ តាមរយៈការលើកកម្ពស់តួនាទីគន្លឹះនៃការពង្រឹងសមាហរណកម្មសេដ្ឋកិច្ច និងការពង្រឹងយន្តការស្ថាប័នដែលមានស្រាប់ក្នុងការលើកកម្ពស់កិច្ចសន្ទនាកម្រិតកំពូលផងដែរ។
សូមជម្រាបជូនថា ឆ្នាំ២០២២នេះ អាសិប មានអាយុគម្រប់១០ ឆ្នាំ បន្ទាប់ពីការប្រកាសចរចាកិច្ចព្រមព្រៀងនេះ ហើយក៏ជាឆ្នាំដែលអាសិបត្រូវបានចូលជាធរមានស្របពេលដែលកម្ពុជា ជាប្រធានអាស៊ានជាថ្មីម្ដងទៀត៕