ក្នុងចំណោមរដ្ឋមន្ត្រីដឹកនាំក្រសួងនានា ក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន មានរដ្ឋមន្ត្រីមួយចំនួន មានភរិយា ដែលមានគោរមងារជា «ឧកញ៉ា»។ ចង់ដឹងថា មានឥស្សរជនរូបណាខ្លះ ថ្ងៃនេះ ឧកញ៉ា ញូស៍ សូមបង្ហាញជូន ២រូប ដូចខាងក្រោម៖
១. លោកជំទាវ ថាយ វ៉ា គង់ សំអុល | ភរិយារដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង
លោកជំទាវ ថាយ វ៉ា ជាឧត្តមភរិយារបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។
លោកជំទាវ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្តល់គោរមងារពិសេសមួយជា «ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល» កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០។ លោកជំទាវ ថាយ វ៉ា ក៏បានទទួលគ្រឿងឥស្សរិយយស «ជាតូបការ» មេដាយខ្ពស់បំផុតរបស់កម្ពុជា ផងដែរ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣ ដោយសារលោកជំទាវ មានគុណបំណាច់យ៉ាងធំធេង និងមានស្នាដៃល្អ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។
២. លោកជំទាវ ទេព បុប្ផា ប្រសិទ្ធ | ភរិយារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
លោកជំទាវ ទេព បុប្ផា ជាឧត្តមភរិយារបស់លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
លោកជំទាវ ទេព បុប្ផា ប្រសិទ្ធ ជាអ្នកជំនួញនៅពីក្រោយក្រុមហ៊ុន និងគម្រោងវិនិយោគធំៗមួយចំនួន ប៉ុន្តែអាជីវកម្មទាំងនោះលោកស្រីមិនដែលបង្ហាញឡើយ។ លោកជំទាវ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ តែងតាំងជា «ឧកញ៉ា» កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ បន្ទាប់ពីលោកជំទាវ ទើបទទួលបានគ្រឿងឥស្សរិយយស «ជាតូបការ» មេដាយខ្ពស់បំផុតរបស់កម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា ក្នុងឆ្នាំ២០១៣ ដូចគ្នា៕