ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនលោក គន់ គីម ជា «កិត្តិសង្គហបណ្ឌិត» នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។
លោក គន់ គីម បច្ចុប្បន្នជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ លោកអតីតអភិបាលរងខេត្តកណ្ដាល និងជាមនុស្សសំខាន់នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា។
លោក គន់ គីម ត្រូវបានរដ្ឋាភិបាលតម្លើងសក្តិជានាយឧត្តមសេនីយ៍ផ្កាយ៤ កាលពីឆ្នាំ២០០៧ និងធ្លាប់ជាប្រធានគណៈកម្មការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើថែមទៀត។ មុខតំណែង និងតួនាទីរបស់លោកចេះតែឡើងខ្ពស់ជាបន្តបន្ទាប់ ដោយនៅក្នុងឆ្នាំ២០០៩ លោកបានក្លាយជាសមាជិកអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា និងត្រូវបានតែងតាំងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ក្រសួងការពាជាតិ។
ក្នុងឆ្នាំ២០១៩ លោក គន់ គីម ក៏ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំនួស លោក ញឹម វណ្ណដា ដែលត្រូវតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើទេសរដ្ឋមន្ដ្រី។ បច្ចុប្បន្នលោក គន់ គីម ជាអនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា៕