តើលោកស្រីវេជ្ជបណ្ឌិត ឯក ម៉េងលី មានមន្ទីរពេទ្យប៉ុន្មាននៅក្នុងដៃ?

សង្គម​ និង​សេដ្ឋកិច្ច

មានវ័យ ៤៩ឆ្នាំ លោកស្រីវេជ្ជបណ្ឌិត ឯក ម៉េងលី ជាស្ត្រីដ៏ជោគជ័យមួយរូបនៅក្នុងវិស័យវេជ្ជសាស្រ្ត ដែលមានជំនាញឯកទេសផ្នែកសម្ភព និងរោគស្រ្តី ជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យអ័រឃីដ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើលោកស្រី ឯក ម៉េងលី មានបទពិសោធន៍ការងារដូចម្តេចខ្លះ?

កើតក្នុងត្រកូលដែលមានលោកឪពុកជាគ្រូពេទ្យ ចំណែកអ្នកម្តាយជាអាជីវកររស់នៅខេត្តកណ្តាល លោកស្រីជាកូនច្បងក្នុងចំណោមបងប្អូនចំនួន៣នាក់សុទ្ធតែស្រីៗ។

បន្ទាប់ពីបញ្ចប់ថ្នាក់បាក់ឌុប លោកស្រីបានតស៊ូ និងព្យាយាមរៀនសូត្រអស់រយៈពេល ១៤ឆ្នាំបន្ថែមទៀត រហូតបញ្ចប់ថ្នាក់វេជ្ជបណ្ឌិត ឯកទេសសម្ភព និងរោគស្រ្តីជំនាន់ទី៣នៅកម្ពុជាក្នុងឆ្នាំ២០០៤។ មិនតែប៉ុណ្ណោះលោកស្រីក៏បានទៅធ្វើកម្មសិក្សានៅប្រទេសមួយចំនួន ដូចជា បារាំង វៀតណាមជាដើម។

នៅឆ្នាំ២០១០ លោកស្រីជាសាស្រ្តាចារ្យនៃមហាវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាប្រធានផ្នែកសម្ភព នៅមន្ទីរពេទ្យកាល់ម៉ែត។

លោកស្រីត្រូវបានគេមើលឃើញ និងចាត់ទុកថាជាវេជ្ជបណ្ឌិតខ្មែរម្នាក់ដ៏ជំនាញផ្នែកវេះកាត់ដែលធ្លាប់បានរៀនពីប្រទេសវៀតណាម និងបទពិសោធន៍ច្រើនក្នុងវិស័យវេជ្ជសាស្រ្ត។ ជាមួយគ្នានេះលោកស្រីក៏ជាអ្នកប្រឹក្សាយោបល់ផ្នែកសម្ភព និងរោគស្ត្រីផងដែរ។ នេះបើតាមវេជ្ជបណ្ឌិតម្នាក់បង្ហើបឱ្យដឹង។

លោកស្រី វេជ្ជបណ្ឌិត ឯក ម៉េងលី ក្រៅពីគ្រប់គ្រងភាគហ៊ុននៅមន្ទីរពេទ្យ អ័រឃីដ លោកស្រីមានមន្ទីរពេទ្យចំនួន ២ទៀត គឺមន្ទីរ សម្ភពលុច្ស នៅភ្នំពេញ និងមន្ទីរសម្រាកព្យាបាល និងសម្ភពសុខៈ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមជម្រាបជូនថា មន្ទីរពេទ្យ អ័រឃីដ របស់លោកស្រី ឯក ម៉េងលី ត្រូវបានគេចាត់ទុកថា ជាមន្ទីរពេទ្យមួយទទួលបានជោគជ័យ ខណៈពេលស្ថិតនៅក្នុងវិបត្តិកូវីដ១៩ ក៏ជោគជ័យខ្លាំងដែរ។ ការជោគជ័យក៏ដោយសារផ្នែកសម្ភព ឬកន្លែងសម្រាលកូនបែរជាត្រូវប៉ាន់នៅក្នុងគ្រាកូវីដនោះ ព្រោះការធ្វើដំណើរទៅក្រៅប្រទេសត្រូវបានផ្អាក។

មន្ទីរពេទ្យ អ័រឃីដកោះពេជ្រ មានទីតាំងស្ថិតនៅចំកណ្តាលតំបន់កោះពេជ្រតាមបណ្តោយទន្លេបាសាក់ គឺជាមន្ទីរពេទ្យឯកទេសឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់នូវសេវាកម្មផ្នែកសម្ភព រោគស្រ្តី ការថែទាំសុខភាព មាតាទារក និងកុមារ ដែលចាប់ផ្ដើមដំណើរការជាផ្លូវការនៅខែមិថុនា ឆ្នាំ២០១៩។

ថ្លែងនៅចំពោះមុខលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក្នុងពិធីសម្ពោធមន្ទីរពេទ្យ អ័រឃីដ កោះពេជ្រ លោកស្រី វេជ្ជបណ្ឌិត ឯក ម៉េងលី បានលើកឡើងអះអាងថា៖ “យើងខ្ញុំទាំងអស់គ្នានឹងប្រឹងប្រែងអោយអស់ពីលទ្ធភាពធ្វើយ៉ាងណាអោយសម្រេចបាននូវចក្ខុវិស័យរបស់យើង គឺជួយសង្គ្រោះជីវិតស្ត្រីនិងកុមារកាត់បន្ថយអត្រាជំងឺ ការស្លាប់របស់ម្តាយនិងទារកអោយបានក្នុងកម្រិតអតិបរមាជាពិសែសគឺមន្ទីរពេទ្យអ័រឃីដកោះពេជ្យនឹងផ្តល់នូវស្នាមញញឹមដល់មាតាបិតានិងគ្រប់ក្រុមគ្រួសារតែម្តង”៕