នាព្រឹកថ្ងៃសុក្រនេះ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ រហស្សនាម «មេភូមិ» បានបង្ហាញរូបភាពរបស់កូនស្រីលោកទាំងពីររូប ដែលមានសម្រស់យ៉ាងស្រស់ស្អាត ទើបពេញក្រមុំ។
លោកអភិបាលរងរាជធានីភ្នំពេញ ដែលទើបទទួលបានការតែងតាំង កាលខែកក្កដា ឆ្នាំ២០២២នេះ បានបង្ហោះរូបភាពលើទំព័រហ្វេសប៊ុករបស់លោក ភ្ជាប់ជាមួយនឹងសារថា៖ “ក្រមុំហើយ បេះដូងរបស់មេភូមិ”។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ រួមទាំងអភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ និងស្នងការរងទទួលបន្ទុកផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោក ហ៊ុន សុរិទ្ធី ត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលរងរាជធានីភ្នំពេញ ដែលមានលោក ឃួង ស្រេង ជាអភិបាល នៃគណៈអភិបាល។
ក្រោយឡើងកាន់តំណែងជាអភិបាលរងរាជធានីភ្នំពេញភ្លាម លោក ឃ្លាំង ហួត បានបញ្ចេញស្នាដៃធំៗជាច្រើន ដូចជា បេសកកម្មបង្រ្កាបល្បែងស៊ីសងខុសច្បាប់ កុងស៊ីបញ្ចាំខុសច្បាប់ នៅទីតាំងឃ្លាំងរំសេវ និងទីតាំងដទៃទៀត ដែលទទួលបញ្ចាំរបស់ចោរ និងរបស់គ្មានឯកសារគ្រប់គ្រាន់ ហើយលោកបានដកហូតប្រគល់ម៉ូតូជាច្រើនគ្រឿងទៅដល់ម្ចាស់ដើមវិញ ធ្វើឱ្យសាធារណៈជន កោតសរសើរយ៉ាងខ្លាំងផងដែរ។
សូមជម្រាបថា លោក ឃ្លាំង ហួត និងភរិយា អ៊ួង សុផល្លា មានកូនចំនួន៣នាក់ ក្នុងនោះប្រុសម្នាក់ (បងគេ) និងស្រី២នាក់ ដែលបច្ចុប្បន្នមានវ័យមិនទាន់ដល់ ២០ឆ្នាំនោះទេ៕