នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ ក្រសួងរ៉ែ និងថាមពល ទទួលបានចំណូលសួយសារ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗ ពីអាជីវកម្មខ្សាច់ បានជាង១៣លានដុល្លារ ក្នុងនោះ បាននាំចេញខ្សាច់ទៅក្រៅប្រទេស បានជាង៤លានដុល្លារអាម៉េរិក។
ថ្លែងបើកសិក្ខាសាលាផ្សព្វផ្សាយ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានឱ្យដឹងថា «ជំរុញការកៀរគរ ការប្រមូលចំណូលពីអាជីវកម្មខ្សាច់ ឱ្យទទួលបានលទ្ធផលល្អ ដែលក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ យើងទទួលបានចំណូលពីសួយសារ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗ ចំនួន១៣,៤២២,៣៧៦ដុល្លារ ក្នុងនោះខ្សាច់នាំចេញទៅក្រៅប្រទេស ចំនួន៤,១៧៧,៩៥១ដុល្លារ»។
លោកបានអះអាងទៀតថា នាយកដ្ឋានអាជីវកម្មរ៉ែខ្សាច់សំណង់ នៃក្រសួងរ៉ែ និងថាមពល បានខិតខំពង្រឹងការគ្រប់គ្រង ការធ្វើអាជីវកម្មឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ជាធរមាន និងស្របតាមគោលការណ៍ ដែលធ្លាប់បានអនុវត្តកន្លងមក ព្រមទាំងស្របតាមគោលការណ៍ណែនាំ របស់ថ្នាក់ដឹកនាំក្រសួងផងដែរ។
គួរបញ្ជាក់ដែរថា ដើម្បីជំរុញអាជីវកម្មខ្សាច់នៅកម្ពុជា ឱ្យទទួលបានលទ្ធផលល្អគាប់ប្រសើរនោះ ក្រសួងរ៉ែ និងថាមពល ក៏ជំរុញឱ្យប្រធានមន្ទីរពាក់ព័ន្ធ ក្រោយពីទទួលបានការយល់ដឹងអំពីនីតិវិធីថ្មី សូមធ្វើការផ្សព្វផ្សាយ ជូនដល់ក្រុមហ៊ុន/សហគ្រាស ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន ឱ្យយល់អំពីការងារពាក់ព័ន្ធនឹងការស្នើសុំអាជ្ញាបណ្ណធ្វើអាជីវកម្មខ្សាច់ផងដែរ៕ អត្ថបទ៖ រង្សី