ស្ពានសាមគ្គីអំពិលទឹក-បាធាយ ដែលស្ថិតនៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានរៀបចំពិធី សម្ពោធ ឆ្លងដាក់អោយប្រើប្រាស់ជាផ្លូវការហើយ នេះជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលបានប្រសូត្រចេញពីការយកចិត្តទុកដាក់ និងទឹកចិត្តជ្រះថ្លា របស់ថ្នាក់ដឹកនាំ ព្រះសង្ឃ គណកម្មាការ អាចារ្យ សម្បុរសជនជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេស។ ស្ពានសាមគ្គីអំពិលទឹក-បាធាយ ដែលស្ថិតនៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានរៀបចំសម្ពោធឆ្លងដាក់អោយប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាព លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៏។
នៅក្នុងឪកាសនោះដែល លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង មានប្រសាសន៏អោយដឹងថា ដោយមើលឃើញពីភាពខ្វះខាត របស់ព្រះសង្ឃ គណកម្មាការ អាចារ្យ រួមនិងប្រជាពុទ្ធបរិស័ទ ដែលកំពុងរស់នៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទើបលោកជំទាវឧកញ៉ាកិត្តិបណ្ឌិត បានជួយសាងសង់បង្កើយ ស្ពានសាមគ្គីអំពិលទឹក-បាធាយ ដែលមានទទឹង៦ម៉ែត្រ និងបណ្តោយ៥០ម៉ែត្រ ដែលចំណាយថវិកា១២២៨៧៧ដុល្លាសហរដ្ឋអាមេរិក ដើម្បីចូលរួមចំណែកលើកស្ទួយក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធជនបទ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋក្នុងតំបន់ ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ពិសេសគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខដឹកនាំ។ លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត ប្រសាសន៏បន្តទៀតថា កាលពីមិនទាន់សាងសង់ស្ពានសាមគ្គីអំពិលទឹក-បាធាយនេះឡើង គឺប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់។ ប៉ុន្តែនាពេលនេះ ស្ពានសាមគ្គីអំពិលទឹក-បាធាយ ត្រូវបានជួយសាងសង់រួចរាល់ជាស្ថាពរ គឺបានជួយសំរួល ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ជាពិសេសងាយស្រួលប្រកបអាជីវកម្មផងដែរ។ ជាងនេះទៅទៀត លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត ក៏បានផ្តាំផ្ញើរ អោយប្រជាពលរដ្ឋ ចេះថែរក្សាសមិទ្ធផលដែលបានដាក់សម្ពោធនាពេលនេះ អោយបានល្អ និងប្រើប្រាស់បានយូរអង្វែងផងដែរ។
លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត បញ្ជាក់ទៀតថា បច្ចុប្បន្នប្រទេសជាតិមានការអភិវឌ្ឍន៏ រីកចំរើនលើគ្រប់វិស័យដោយសារប្រទេសយើងមានសុខសន្តិភាព ហើយសន្តិភាព នេះមិនមែនសំរាប់អ្នកណាម្នាក់នោះទេ គឺសំរាប់ប្រទេសជាតិ សាសនា ព្រះមហាក្សត្រ។ អ្វីដែលប្រជាពលរដ្ឋយើងប្រាថ្នា និងបានប្តេជ្ញាការពារយ៉ាងប្តូរផ្តាច់ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវការពារសន្តិភាព ដូន្នេះយើងរួបរួមគ្នា ជំរុញបង្កើតមនសិកា និងស្មារតីស្រលាញ់ជាតិមាតុភូមិ សាមគ្គីភាព និងត្រូវចងចាំថា អរគុណសន្តិភាពផងដែរ។
នៅក្នុងពិធីនោះដែល លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានឧបត្ថម្ភថវិកាចំនួន ២០០០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ទូទាត់ថ្លៃជំពាក់ក្រុមជាង និងបានទទួលរ៉ាប់រ៉ង់ចាក់គំតិចថ្មលាបដីចំនួន៧០០ឡាន ដើម្បីរៀបចំធ្វើផ្លូវពី ស្ពានសាមគ្គីអំពិលទឹក-បាធាយ ទៅដល់មុខវត្តស្តីសិរីមង្គល និងបានជួយសាងសង់ផ្លូវបេតុង១ខ្សែ ពីចំនុចស្រុកបាធាយ មកដល់គល់ស្ពានសាមគ្គីអំពិលទឹក-បាធាយ ជាពិសេសក៏បានប្រគេនបច្ច័យ៤ និងតេយ្យទានមួយចំនួន ដល់ព្រះសង្ឃ ឧបត្ថម្ភដល់កងទ័ពជើងទឹក ថវិកាចំនួន៥០០០០០រៀល ឧបត្ថម្ភដល់ប្រជាការពារ ថវិកាចំនួន៥០០០០០រៀល ឧបត្ថម្ភដល់ប៉ូលីសឃុំ ថវិកាចំនួន៥០០០០០រៀល ឧបត្ថម្ភដល់ក្រុមប្រឹក្សាឃុំអំពិលទឹក ថវិកាចំនួន៥០០០០០រៀល ឧបត្ថម្ភដល់ក្រុមប្រឹក្សាឃុំបាធាយ ថវិកាចំនួន៥០០០០០រៀល ឧបត្ថម្ភដល់សាលាស្រុក ថវិកាចំនួន ១លានរៀល ឧបត្ថម្ភដល់ក្រុមល្ខោងបាសាក់ ១លានរៀល និងចែកអំណោយជាថវិកាចំនួន ១០០០០រៀល ក្រម៉ា១ និងសៀវភៅមហាសង្រ្គាន ដល់ប្រជាពលរដ្ឋ កងកំលាំងប្រដាប់អាវុធ យុវជនស ស យ ក សិស្សានុសិស្ស ដោយឡែកសម្រាប់ យាយជី តាជី លោកតា លោកយាយ ឧបត្ថម្ភថវិកាចំនួន១០០០០រៀល ក្រម៉ាសរ និងសៀវភៅមហាសង្គ្រាន ដែលចូលរួមក្នុងពិធីនោះប្រមាណជាង២០០០នាក់ផងដែរ។
ប្រភព៖ ទទក
រូបភាព-អត្ថបទ: សេង ផល្លី