ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម នឹងយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ តបតាមការយាងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៧ វិច្ឆិកានេះបានឲ្យដឹងថា ក្នុងអំឡុងពេលព្រះរាជទស្សនកិច្ចនេះ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រព្រុយណេ នឹងមានព្រះរាជសវនាការជាមួយព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង។
ទន្ទឹមនឹងនោះ ព្រះចៅស៊ុលតង់ និងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងមានកិច្ចប្រជុំទ្វេភាគីនៅវិមានសន្តិភាព បន្ទាប់មកនឹងយាង/អញ្ជើញធ្វើអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគគ្នារវាងប្រទេសទាំងពីរ ស្តីពីកិច្ចពិគ្រោះយោបល់ទ្វេភាគី។
ជាមួយគ្នានេះដែរ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រព្រុយណេ ក៏នឹងយាងដាក់កម្រផ្កាគោរពវិញា្ញណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ អតីតព្រះមហាក្សត្រខ្មែរផងដែរ។
សូមជម្រាបជូនបន្តិចថា ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋយាងមកកាន់កម្ពុជារបស់ព្រះចៅស៊ុលតង់ ស្របពេលដែលប្រទេសទាំងពីរប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំនេះ៕