នាយឧត្តមសេនីយ៍ សៅ សុខា បានណែនាំឲ្យកងកម្លាំង ត្រូវអនុវត្តន៍បទបញ្ជាយ៉ាងម៉ឺងម៉ាត់ គោរពច្បាប់ គោរពវិន័យ ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ និងអនុវត្តត្រឹមត្រូវតាមតួនាទី ភារកិច្ច គោលដៅទទួលខុសត្រូវរាយការណ៍តាមឋានានុក្រម។
ការណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខមេរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឡើង នាថ្ងៃទី៧ ខែវិច្ឆិកានេះ ក្នុងពេលចុះត្រួតពិនិត្យកម្លាំងត្រៀមចេញការពារសន្តិសុខ រក្សាសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ជាមួយគ្នានេះដែរនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានផ្តល់នូវអនុសាសន៍ដល់កងកម្លាំងថា ដើម្បីសម្រេចបានការការពារសន្តិសុខ រក្សាសុវត្ថភាព ជូនថ្នាក់ដឹកនាំកំពូលអាស៊ាន កងកម្លាំងគ្រប់រូបត្រូវតែរួមគ្នា សហការសាមគ្គីឯកភាព ទាំងកងកម្លាំង អាជ្ញាធរ និងប្រជាពលរដ្ឋចូលរួមសហការ ព្រមទាំងផ្តល់ព័ត៌មានផងដែរ។
បើតាមលោកឧត្តមសេនីយត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា កងរាជអាវុធហត្ថបានត្រៀមកងកម្លាំងប្រមាណ២ពាន់៤រយនាក់ នៅភ្នំពេញ សម្រាប់ការពារនៅពេលប្រជុំកំពូលអាស៊ានខាងមុខ។ លោកថា ការត្រៀមកងកម្លាំងនេះ គឺធ្វើឡើងក្នុងគោលបំណង រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងបង្ការអំពើភេរវកម្មនៅកម្ពុជា។
យ៉ាងណា ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន កម្ពុជា បានត្រៀមកងកម្លាំងជាង១ម៉ឺននាក់ សម្រាប់រក្សាសន្តិសុខ និងការពារសុវត្ថិភាពដល់មេដឹកនាំពីបណ្តាប្រទេសនានា ដែលត្រូវមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា។ នេះជាការអះអាងរបស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។
សូមជម្រាបជូនថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំធំៗមួយចំនួន៕