សម្តេច ហ៊ុន សែន លើកទឹកចិត្តឱ្យវិនិយោគិនវៀតណាមមកបណ្តាក់ទុននៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យវិនិយោគិនវៀតណាមមកបណ្តាក់ទុនធ្វេីប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនឡើងវិញនៅកម្ពុជា ជាពិសេសក្នុងវិស័យដែលកំពុងមានសក្តានុពលខ្ពស់នៅកម្ពុជា ដូចជាកសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ និងឧស្សាហកម្មកម្មន្តសាលធុនស្រាលជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅចំពោះមុខនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ ក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ឆ្នាំ២០២២ បានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងកម្ពុជា-វៀតណាម គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ មានកំណើនប្រមាណជាង ៣៤%។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ថា ការវិនិយោគឯកជន គិតពីខែមករា ដល់ខែតុលា ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ មានការកើនឡើងប្រមាណ ១,៣%។ សម្តេចតេជោបន្តថា ពុំឃើញមានវត្តមានគម្រោងវិនិយោគថ្មីរបស់វៀតណាមនៅកម្ពុជាសោះក្នុងឆ្នាំនេះ និងឆ្នាំ២០២១កន្លងទៅ ពុំដូចកាលពីមុនមានវិបត្តិជំងឺកូវីដ-១៩ ដែលវិនិយោគិនវៀតណាម បានមកបណ្តាក់ទុនច្រើននៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម និងវិស័យទូរគមនាគមន៍។

ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តដាក់ចេញ និងអនុវត្តនូវក្របខណ្ឌគោលនយោបាយយុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវនានា សំដៅបង្កើនភាពទាក់ទាញ និងភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការស្រូបទាញ ការវិនិយោគក្នុងស្រុក និងបរទេស។ កម្ពុជា ក៏បានស្វែងរកដៃគូពាណិជ្ជកម្មសម្រាប់បើកច្រកទីផ្សារនាំចេញបន្ថែមទៀត តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយប្រទេសផ្សេងៗផងដែរ។

បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជំរុញការងើបឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា។

ទន្ទឹមនឹងនេះ ច្បាប់ស្តីពីវិនិយោគកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បានកំណត់វិស័យ និងសកម្មភាពវិនិយោគអាទិភាពមួយចំនួន ដែលត្រូវទទួលបានការលើកទឹកចិត្ត ហើយសុទ្ធសឹងជាវិស័យ និងសកម្មភាព ដែលមានលទ្ធភាពបង្កើតការងារ បង្កើនការផ្ទេរជំនាញនិងបច្ចេកវិទ្យា បង្កើនការតភ្ជាប់ជាមួយ សហគ្រាសក្នុងស្រុក និងរួមចំណែកពង្រឹងការតភ្ជាប់ឧស្សាហកម្ម កម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលជាមួយគ្នានេះ កម្ពុជាក៏កំពុងកែសម្រួលគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ដើម្បីតាមឱ្យទាន់នូវបម្រែបម្រួលនិម្មាបនកម្មសេដ្ឋកិច្ចសកល៕