នៅល្ងាចថ្ងៃទី ៨ខែវិច្ឆិកានេះ កម្ពុជា-វៀតណាម រៀបចំវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម។ នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ និងធុរជននៃប្រទេសទាំងពីរជាច្រើនរូបផងដែរ នៅក្នុងនោះអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានចូលរួមថ្លែងសន្ទរកថា។
អ្នកឧកញ៉ា គិត ម៉េង បានរំលេចថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ មក មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើន និងរឹងមាំ ដោយផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
វៀតណាម-កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ ស្ដីពីការតភ្ជាប់សេដ្ឋកិច្ចវៀតណាម-កម្ពុជា នៅឆ្នាំ២០១៧ និងកិច្ចព្រមព្រៀងស្តីការចៀសវាងការយកពន្ធត្រួតគ្នានៅឆ្នាំ ២០១៨។ ទំនាក់ទំនងល្អយូរអង្វែងជាប្រទេសជិតខាងគ្នា គឺជាមូលដ្ឋានដ៏ល្អ សម្រាប់សហគ្រាសវៀតណាម ធ្វើការវិនិយោគ និងអភិវឌ្ឍន៍ដោយជោគ ជ័យនៅកម្ពុជា។ អ្នកឧកញ៉ា បានថ្លែងថា៖ «វៀតណាម គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ស្របពេលដែលទំហំពាណិជ្ជកម្មទ្វេភាគីបន្តកើនឡើងជាប្រចាំ ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ»។
បើតាមអ្នកឧកញ៉ា គិត ម៉េង នៅឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីមានប្រមាណ ៥,២ពាន់លានដុល្លារអាមេរិក និងកើនដល់ ៥,៤ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០ ខណៈទំហំពាណិជ្ជកម្មកើនដល់ជិត ៩ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១ ហើយភាគីទាំងពីរប្ដេជ្ញាសម្រេចឲ្យបាននូវទំហំពាណិជ្ជកម្ម ១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២២។ ចំពោះផលិតផលសំខាន់ៗ ដែលកម្ពុជា នាំចូលពីវៀតណាម រួមមាន ដែកថែប និងសម្ភារៈសំណង់ ប្រេង បន្លែផ្លែឈើ ជី និងគ្រឿងចក្រកសិកម្ម ចំណែកឯផលិតផលដែលកម្ពុជា នាំចេញទៅវៀតណាម រួមមាន ផលិតផលឈើ ឧស គ្រាប់ស្វាយចន្ទី និងកៅស៊ូ។
ទន្ទឹមនឹងនេះ អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់ថា កម្ពុជា មានសក្ដានុពលធំធេងដែលវិនិយោគិនអាចពិនិត្យលទ្ធភាពវិនិយោគជាច្រើនវិស័យ ដូចជា កសិកម្ម ពាណិជ្ជកម្ម និងការកែច្នៃម្ហូបអាហារ ទេសចរណ៍ សំណង់ សម្ភារៈផ្ទះបាយ រថយន្ត សម្ភារៈផលិតថាមពល និងឱសថ។ ដីសម្បូរជីជាតិ និងផ្ទៃរាបដ៏ធំទូលាយរបស់កម្ពុជា គឺជាកាលានុវត្តភាពធុរកិច្ចដ៏ធំធេងរាប់ឆ្នាំទៅមុខ សម្រាប់ធុរកិច្ចពាក់ព័ន្ធនឹងការដាំដុះ ការកែច្នៃ និងការផ្គត់ផ្គង់ផលិតផលដំណាំ។ រីឯអនុវិស័យឧស្សាហកម្មកម្មន្តសាល ដូចជា ថាមពល សំណង់ អគ្គិសនី និងគ្រឿងបន្លាស់យានជំនិះ កំពុងរីកចម្រើន និងមានតម្រូវការខ្លាំងនៅទីផ្សារអឺរ៉ុប និងទីផ្សារអាមេរិក។
អ្នកឧកញ៉ាបន្ថែមថា កម្ពុជាមានទីផ្សារទូលំទូលាយ ក្នុងពិភពលោក ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពហុភាគី និងទ្វេភាគី រួមមានដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាដើម៕