អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា និងវៀតណាម ប្ដេជ្ញាសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្ម ១០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ នេះ

សង្គម​ និង​សេដ្ឋកិច្ច

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅល្ងាចថ្ងៃទី ៨ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមថ្លែងសន្ទរកថា ក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ឆ្នាំ ២០២២ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅចំពោះវេទិកាដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះដែរ អ្នកឧកញ៉ា គិត ម៉េង ថ្លែងថាទំនាក់ទំនងល្អយូរអង្វែងជាប្រទេសជិតខាងគ្នា គឺជាមូលដ្ឋានដ៏ល្អ សម្រាប់សហគ្រាសវៀតណាម ធ្វើការវិនិយោគ និងអភិវឌ្ឍន៍ដោយជោគ ជ័យនៅកម្ពុជា។ ហើយប្រទេសវៀតណាម គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ស្របពេលដែលទំហំពាណិជ្ជកម្មទ្វេភាគីបន្តកើនឡើងជាប្រចាំ ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ។

អ្នកឧកញ៉ាប្រធាន បានបន្តទៀតថា នៅឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីមានប្រមាណ ៥,២ពាន់លានដុល្លារអាមេរិក និងកើនដល់ ៥,៤ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០ ខណៈដែលទំហំពាណិជ្ជកម្មកើនដល់ជិត ៩ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១ ហើយភាគីទាំងពីរប្ដេជ្ញាសម្រេចឲ្យបាននូវទំហំពាណិជ្ជកម្ម ១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២២

ឆ្លៀតក្នុងឱកាសនោះដែរ អ្ន​កឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏មានប្រសាសន៍ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ដែលបានរៀបចំវេទិកាដ៏មានសារៈសំខាន់នេះ ដើម្បីជំរុញវិនិយោគ និងពាណិជ្ជកម្ម ក៏ដូចជា ផ្តល់នូវព័ត៌មានដ៏ជាក់លាក់អំពីវិស័យសក្តានុពល និងកាលានុវត្តភាពនៅកម្ពុជា និងវៀតណាម។ វេទិកានេះ នឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា ផលិតផលសំខាន់ៗ ដែលកម្ពុជា នាំចូលពីវៀតណាម នាពេលបច្ចុប្បនុ្ននេះរួមមាន៖ ដែកថែប និងសម្ភារៈសំណង់ ប្រេង បន្លែផ្លែឈើ ជី និងគ្រឿងចក្រកសិកម្ម ចំណែកឯផលិតផលដែលកម្ពុជា នាំចេញទៅវៀតណាម រួមមាន ផលិតផលឈើ ឧស គ្រាប់ស្វាយចន្ទី និងកៅស៊ូ។

ជាមួយគ្នានោះដែរ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងដោយសង្កត់ធ្ងន់ថា កម្ពុជា មានសក្ដានុពលធំធេងដែលវិនិយោគិនអាចពិនិត្យលទ្ធភាពវិនិយោគជាច្រើនវិស័យ ដូចជា កសិកម្ម ពាណិជ្ជកម្ម និងការកែច្នៃម្ហូបអាហារ ទេសចរណ៍ សំណង់ សម្ភារៈផ្ទះបាយ រថយន្ត សម្ភារៈផលិតថាមពល និងឱសថ។ ដីសម្បូរជីជាតិ និងផ្ទៃរាបដ៏ធំទូលាយរបស់កម្ពុជា គឺជាកាលានុវត្តភាពធុរកិច្ចដ៏ធំធេងរាប់ឆ្នាំទៅមុខ សម្រាប់ធុរកិច្ចពាក់ព័ន្ធនឹងការដាំដុះ ការកែច្នៃ និងការផ្គត់ផ្គង់ផលិតផលដំណាំ។ រីឯអនុវិស័យឧស្សាហកម្មកម្មន្តសាល ដូចជា ថាមពល សំណង់ អគ្គិសនី និងគ្រឿងបន្លាស់យានជំនិះ កំពុងរីកចម្រើន និងមានតម្រូវការខ្លាំងនៅទីផ្សារអឺរ៉ុប និងទីផ្សារអាមេរិក។

បន្ថែមលើនេះអ្នកឧកញ៉ាប្រធាន បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទទួលបានសន្តិភាពពេញលេញ និងជំរុញកំណែទម្រង់ស៊ីជម្រៅ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងពង្រឹងភាពប្រកួតប្រជែងជាតិ ក្នុងទីផ្សារពិភពលោក។ កម្ពុជាមានទីផ្សារទូលំទូលាយ ក្នុងពិភពលោក ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពហុភាគី និងទ្វេភាគី រួមមានដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាដើម។

ឆ្លៀតក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះដែរ អ្នកឧកញ៉ា គិត ម៉េង ក្នុងនាមជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានលើកទឹកចិត្តយ៉ាងខ្លាំងដល់ធុរជនវៀតណាម ធ្វើការវិនិយោគបន្ថែមទៀតនៅកម្ពុជា និងបានអញ្ជើញធុរជនវៀតណាម ចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៩និងថ្ងៃទី ១០ខែវិច្ឆិកា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញផងដែរ៕