របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF បានទាញការព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន៥,១ភាគរយ និង៦,២ភាគរយក្នុងឆ្នាំ២០២៣។ សម្រាប់សញ្ញាជាវិជ្ជមាននេះ IMF បញ្ជាក់ថា អាចមកពីកំណើននៃវិស័យទេសចរណ៍។
ក្នុងរបាយការណ៍ដដែលបានរៀបរាប់ថា ក្នុងលក្ខខណ្ឌពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ត្រឹមរយៈពេល៩ខែឆ្នាំ២០២២ ការដោះដូរពាណិជ្ជកម្មជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ានគឺកើនទឹកប្រាក់ដល់១២ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅកាន់តំបន់អាស៊ានមានទំហំទឹកប្រាក់២ពាន់លានដុល្លារ ខណៈការនាំចូលពីប្រទេសជាសមាជិកអាស៊ានវិញមានទំហំទឹកប្រាក់១០ពាន់លានដុល្លារ។
រដ្ឋាភិបាលបានបញ្ជាក់ថាសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% ខណៈដែលឆ្នាំ ២០២២នេះ សេដ្ឋកិច្ចមានកំណើនក្នុងអត្រាប្រមាណ ៥,៤%។ សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៣ បានបង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងត្រូវពឹងផ្អែកទៅលើវិស័យមួយចំនួនដូចជាវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្មជាដើម។
ទោះយ៉ាងនេះក្តីសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ ២០២៣ បញ្ជាក់ថាប្រទេសកម្ពុជានៅត្រូវបានហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជាខ្ពស់ ជាពិសេសបញ្ហាប្រឈម ឬហានិភ័យដែលបង្កឡើងដោយភាពមិនអំណោយផលនៃកត្តាខាងក្រៅមួយចំនួន ដែលអាចធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាមិនសម្រេចបានតាមការគ្រោងទុក ឬក៏បន្ទុយបង្អាក់ដល់កំណើន។
ទោះជាបែបនេះក្តី របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ហាក់បង្ហាញថា សេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលមានប្រទេសចំនួន៤០ នៅមិនទាន់មានដំណើរការសេដ្ឋកិច្ចល្អប្រសើរឡើយ ពីព្រោះការព្យាករក្នុងឆ្នាំនេះ គឺថយចុះមកត្រឹម៤ភាគរយ បើធៀបនឹងសន្ទស្សន៍សេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកកាលពីឆ្នាំ២០២១ គឺមានការកើនឡើងយ៉ាងរឹងមាំ ពោលគឺស្ថិតក្នុងរង្វង់៦,៥ភាគរយ។
បើតាមរបាយការណ៍ដដែល ការធ្លាក់ចុះនៃសេដ្ឋកិច្ចក្នុងតំបន់ គឺបណ្តាលមកពីបញ្ហាស្នូលធំៗចំនួន៣ គឺ លក្ខខណ្ឌហិរញ្ញវត្ថុសាកលកំពុងរឹតបន្តឹង និងចំពេលដែលធនាគារកណ្តាលធំៗព្យាយាមតំឡើងអត្រាការប្រាក់ ដើម្បីទប់ទល់នឹងអតិផរណាក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩។ កត្តានេះបានធ្វើឱ្យទំនិញនៅលើទីផ្សារឡើងថ្លៃខ្ពស់ ប៉ុន្តែអត្រាប្តូរប្រាក់នៅជុំវិញតំបន់អាស៊ីបែរជាធ្លាក់ចុះទៅវិញ។
ទន្ទឹមនឹងនោះ បញ្ហាសង្គ្រាមអូសបន្លាយនៅអ៊ុយក្រែនវិញក៏បានជះឥទ្ធិពលអវិជ្ជមានមិនតិចនោះដែរដល់សេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយតម្រូវការពីតំបន់អឺរ៉ុបថយចុះ ប៉ុន្តែតម្រូវការនាំចេញពីតំបន់អាស៊ីមានការកើនឡើង។ ក្រៅពីនេះ ក៏អាចដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់មហាយក្សចិនផងដែរ៕
IMF ទាញការព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៦,២% ក្នុងឆ្នាំ២០២៣
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព