នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញជិញ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៨-ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ តបតាមការអញ្ជើញពីប្រមុខដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
បន្ទាប់ពីចូលក្រាបបង្គំគាល់ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៅក្នុងព្រះបរមរាជវាំង ជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងមានជំនួបពិភាក្សាទ្វេភាគីនៅវិមានសន្តិភាព ដោយផ្តោតការពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាកង្វល់រួម ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៨ម្សិលមិញ។
នៅព្រឹកថ្ងៃពុធ ទី៩វិច្ឆិកានេះ នាយករដ្ឋមន្រ្តី លោក ផាម មិញជិញ បានអញ្ជើញទៅទស្សនាក្រុមហ៊ុនឯកជនល្បីៗចំនួន ២នៅកម្ពុជាដែលវិនិយោគដោយវិនិយោគិនវៀតណាម គឺមន្ទីរពេទ្យជោរីភ្នំពេញ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងក្រុមហ៊ុន Metfone ស្ថិតនៅមហាវិថីម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សូមជម្រាបជូនថា គិតត្រឹមខែកក្កដា ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម សម្រេចបានទឹក ប្រាក់ប្រមាណជាង ៣,៧៦ពាន់លានដុល្លារ ដែលទំហំនេះ មានការកើនឡើង ២២.២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។
ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងកម្ពុជា និងវៀតណាម គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ មានកំណើនប្រមាណជាង ៣៤% ក្នុងវិស័យវិនិយោគ មានការកើនឡើងប្រមាណ ១,៣% ប៉ុន្តែពុំឃើញមានវត្តមានគម្រោងវិនិយោគថ្មីរបស់វៀតណាមនៅកម្ពុជាក្នុងឆ្នាំនេះ និងឆ្នាំ២០២១កន្លងទៅឡើយ៕