ស្របពេលកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ត្រូវចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ទី១០ វិច្ឆិកាស្អែកនេះ មេដឹកនាំ គណៈប្រតិភូប្រទេសមាជិកអាស៊ាន ភ្ញៀវកិត្តិយស ក៏បានអញ្ជើញមកដល់កម្ពុជារួចរាល់ហើយដែរ។
នៅថ្ងៃពុធ៩វិច្ឆិកានេះ គណៈប្រតិភូជាមេដឹកនាំប្រទេសចំនួន ៤ ដែលនឹងអញ្ជើញមកដើម្បីចូលរួមកិច្ចប្រជុំកម្ពុជាជាម្ចាស់ផ្ទះ ក្នុងនោះរួមមាន៖ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រ ប្រទេសប្រុយណេ, លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីឡាវ និងប្រធានាធិបតីហ្វីលីពីន លោក Bongbong Marcos ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ព្រឹត្តិការណ៍ថ្នាក់កំពូលដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ថ្ងៃខាងមុខនេះ រួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧៕