ពាណិជ្ជកម្មទំនិញ និងសេវាកម្មអាមេរិក-អាស៊ាន មានប្រមាណ ៤៤១.៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១

សង្គម​ និង​សេដ្ឋកិច្ច

សហរដ្ឋអាមេរិក និងអាស៊ាន គឺជាដៃគូពាណិជ្ជកម្មយុទ្ធសាស្រ្តមួយ ដែលទទួលបានផលប្រយោជន៍ពីទំនាក់ទំនងពាណិជ្ជកម្មរវាងគ្នានឹងគ្នាយ៉ាងទូលំទូលាយ ដោយអាស៊ានគឺជាទីផ្សារធំជាងគេទី៤ របស់ពិភពលោក ដែលមានសហរដ្ឋអាមេរិក ជាប្រភពដ៏ធំបំផុតរបស់អាស៊ាននៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ខណៈពាណិជ្ជកម្មទំនិញ និងសេវាកម្មរបស់សហរដ្ឋអាមេរិកជាមួយអាស៊ាន មានចំនួនសរុបប្រមាណ ៤៤១.៧ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១។

ទន្ទឹមនឹងនេះ មានក្រុមហ៊ុនអាមេរិកជាង ៦,២០០ ប្រតិបត្តិការ ក្នុងអាស៊ាន ហើយនៅឆ្នាំ២០២០ និងមានអ្នកដំណើរអាមេរិកចំនួន ៦៣០,០០០នាក់ បានចំណាយប្រាក់ចាយវាយច្រើនជាង ១.៣ពាន់លានដុល្លារ នៅអាស៉ីអាគ្នេយ៍។

គិតត្រឹមឆ្នាំ២០២២ ទំនាក់ទំនងអាស៊ាន និងអាមេរិក មានរយៈពេល ៤៥ឆ្នាំមកហើយ។ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន ២០២២ បានដឹកនាំបើកកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ ដែលកិច្ចប្រជុំនេះ មានលោក ចូ បៃដិន ប្រធានាធិបតី នៃសហរដ្ឋអាមេរិក ជាសហប្រធាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈគេហទំព័ររបស់រដ្ឋាភិបាលអាមេរិក បានឱ្យដឹងថា សហរដ្ឋអាមេរិក បានផ្តល់ជំនួយផ្នែកអភិវឌ្ឍន៍ សេដ្ឋកិច្ច សុខភាព និងសន្តិសុខជាង ១២.១ ពាន់លានដុល្លារ ដល់សម្ព័ន្ធមិត្ត និងដៃគូនៅអាស៉ីអាគ្នេយ៍ រួមទាំងសមាជិកអាស៊ានផងដែរ ចាប់តាំងពីឆ្នាំ២០០២មក។ ក្នុងរយៈពេលដូចគ្នានោះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយមនុស្សធម៌ជាង ១.៤ ពាន់លានដុល្លារ រួមទាំងជំនួយគ្រោះមហន្តរាយសង្គ្រោះជីវិត ជំនួយស្បៀងសង្គ្រោះបន្ទាន់ និងជំនួយដល់ជនភៀសខ្លួនទូទាំងតំបន់៕