លក្ខណៈពិសេស របស់រថយន្តប្រធានាធិបតីអាមេរិក ដែលប្រើប្រាស់មកប្រជុំអាស៊ាននៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក​ប្រធានាធិបតីសហរដ្ឋ​អាមេរិក ចូ បៃដិន ​​នឹង​ត្រូវ​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា នា​​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៣ ខែ​វិច្ឆិកា​នេះ ​​ដើម្បី​ចូល​រួម​ក្នុង​កិច្ចប្រជុំ​កំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជា​ម្ចាស់ផ្ទះ។ វត្តមាន​លើ​ទឹកដី​កម្ពុជា​នេះ ​​លោក​ប្រធានាធិបតី​អាមេរិក ​​នឹង​ប្រើប្រាស់​រថយន្ត​ផ្ទាល់​ខ្លួន​ The US Presidential Cadillac ឬ​ហៅ​ថា “The Beast”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​សារព័ត៌មាន Spyscape ​​បាន​បង្ហាញ​ឱ្យ​ដឹង​​ត្រួសៗ​ពី​លក្ខណៈ​ពិសេស​នៃ​រថយន្ត The Beast ​របស់​ប្រធានាធិបតីទី៤៦ របស់អាមេរិក ចូ បៃដិន​ ថា​រថយន្ត​នេះ ​មានតម្លៃប្រហែលប្រមាណ ១,៥លានដុល្លារ ប៉ុន្តែ​ក្រុមហ៊ុន​ផលិត​រថយន្ត GM បាន​ចំណាយ​ថវិកា​អស់​ប្រមាណ ១៥​លាន​ដុល្លារ​ ក្នុង​ការ​ស្រាវជ្រាវ និង​ធ្វើ​បច្ចុប្បន្ន​ភាព (Update) រៀង​រាល់​ពីរ​បី​ឆ្នាំ​ម្តង។ ទោះមិនថ្លៃខ្លាំង តែវា​មានលក្ខណៈពិសេសលើសពី​តម្លៃ​ សម្រាប់ជួយការពារសុវត្ថិភាព​មេដឹកនាំ​កំពូល​របស់​ពិភពលោក។

ដោយផ្អែក​លើ​គោលការណ៍​សុវត្ថិភាព​ជា​កំហិត ព័ត៌មាន​លម្អិត​អំពី​ The Beast គឺ​ពុំមាននរណា​អាច​ដឹង​លម្អិត​ច្បាស់​លាស់​ឡើយ គ្រាន់​តែ​យើង​អាច​ដឹង​ថា វា​មាន​លក្ខណៈ​ពិសេស​ ៥​យ៉ាង​រួម​មាន៖

១. វាជាប្រភេទរថយន្ត Cadillac One ប៉ុន្តែវាមិនដូចគេទាំងស្រុងនោះទេ ដោយមានលក្ខណៈដូចគ្នាតិច​តួច​បំផុត ទៅ​លើ​ម៉ាស៊ីន និង​តួ​ខ្លួន ចំណែក​គ្រឿង​ផ្សំ​ដូច​ជា​កន្ទុយ ចង្កៀង និង​ការ​រចនា​ម៉ូដ​ខាង​ក្រោម​ផ្នែក​ខាង​មុខ​ គឺ​ខុស​គេ​ទាំង​ស្រុង។ The Beast មានទម្ងន់ជាង ៩តោន ដោយមានកម្រាស់​ដែកក្រាស់ៗ​សម្រាប់​ការពារសន្តិសុខ ហើយកញ្ចក់របស់វា​ អាច​ការពារ​ពីការ​ទម្លុះ​របស់​គ្រាប់​កាំភ្លើង​បាន ការពារ​គ្រប់វត្ថុ​ទាំង​ឡាយ​ដែល​នឹង​មក​ក្បែរ​វា ដើម្បី​ការពារ​ពីការ​ផ្ទុះ​ នៅ​ពេល​មាន​ការ​បំបុក​ដោយ​ផ្ទាល់។

២. វាមាន​​​ភ្ជាប់​សេវា​ជាមួយ​យន្តហោះ​ប្រភេទ C17 Global Master (US Air Force) ដែល​អាច​ដឹក​ជញ្ជូន​ The Beast, Cadillac One និង​រថពាស​ដែក ​ដោយ​ភ្ជាប់​​នឹង​ផ្កាយ​រណប​យោធា។

៣. The Beast ប្រៀប​ដូច​នឹង​រថពាស​ដែក​ដែរ ​ដោយ​មាន​ស្រោប​ដែក​ ៨​អ៊ីញ និង​​បង្អួច​ការពារ​គ្រាប់​កាំភ្លើង​កម្រាស់ ៥​អ៊ីញ, សម្បក​កង់​​ប្រភេទ​យក្ស​យីហោ Good Year ដែល​អាច​រត់​រាប​ស្មើ មិន​មាន​ភាព​រលាក់ ឬ​រំញ័រ​ឡើយ។ កាបីន ផ្សារ​ភ្ជាប់​ពី​ប្រភព​ខាង​ក្រៅ ដើម្បី​ការពារ​ពី​​ការ​វាយ​ប្រហារ​ដោយ​សារធាតុ​គីមី និង​ពពុះ​ពិសេស​ជុំ​វិញ​ធុង​ប្រេង ក្នុង​ករណី​មាន​ផល​ប៉ះ​ពាល់។ The Beast ​​អាច​​ជាន់​បាន​ល្បឿន ១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ត្រឹម​តែ​១៥​វិនាទី។

៤. បំពាក់​​ដោយ​ឧបករណ៍​ពិសេស៖ ឧបករណ៍​ពន្លត់​អគ្គីភ័យ ធុង​​អុកស៊ីសែន ​កាំភ្លើង ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ​ឧបករណ៍​​បាញ់​គ្រាប់​បែក​ដៃ និង​ឧបករណ៍​ការពារ​សុវត្ថិភាព​ជា​ច្រើន។

៥. អ្នក​បើកបរ​៖ មិន​ត្រឹម​តែ​អ្នក​បើកបរ​ទេ តែ​ត្រូវ​រក្សា​ការ​សម្ងាត់​គ្រប់​យ៉ាង និង​មាន​សមត្ថភាព​​អាច​បើកបរ​​​​​បង្វិល​ខ្លួន​រថយន្ត​ ១៨០​ដឺក្រេ​បាន​ ​​នៅ​ពេល​មាន​អាសន្ន និង​ចេះ​សមយុទ្ធ​ វិធីសាស្ត្រ គេច​ពី​ខ្មាន់​កាំភ្លើង​​យ៉ាង​ឆាប់​រហ័ស​ផង​ដែរ។ ​

សូម​ជម្រាប​ជូន​ថា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹង ​​តាំង​​​ពី​ថ្ងៃទី​០១ ខែ​វិច្ឆិកា ឆ្នាំ២០២២ ថាសហរដ្ឋអាមេរិក បាន​ដឹករថយន្ត (The Beast)​ មកដល់ប្រទេសកម្ពុជាហើយ និងសម្ភារៈ​មួយចំនួន សម្រាប់​ការពារប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលនឹងអញ្ជើញរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំ​ពាក់​ព័ន្ធនានា ដែលកម្ពុជាធ្វើជា​ម្ចាស់​ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សម្តេចតេជោ បានបន្តថា ការបញ្ជូនរថយន្ត និងសម្ភាការពារសន្តិសុខ របស់ប្រធានាធិបតី មកកាន់ប្រទេស​ណាមួយនោះ វាជាទម្លាប់របស់អាមេរិក មិនមែនសម្រាប់តែមកកម្ពុជាមួយនោះទេ។ សម្តេចតេជោបាន​ថ្លែង​ថា ដោយឡែក សម្រាប់បណ្តាថ្នាក់ដឹកនាំប្រទេសដទៃទៀត គឺប្រើប្រាស់រថយន្តដែលរៀបចំដោយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២។