៣ ត្រីមាសតំបូង ថៃកើបលុយ ២២១ ពាន់លានដុល្លារ ពីការនាំចេញទំនិញ

អន្តរជាតិ

ការនាំចេញរបស់ប្រទេសថៃ បានកើនឡើងដល់ ១០,៦% ដល់ចំនួន ២២១ ពាន់លានដុល្លារ គិតត្រឹមខែកញ្ញា ឆ្នាំ ២០២២ បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ស្របពេលការកើនឡើងនេះ ត្រូវបានជំរុញដោយតម្រូវការស្បៀងអាហារ និងទំនិញឧស្សាហកម្ម។ នេះបើយោងតាមការចេញផ្សាយដោយ Vn Express ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះគឺជាខែទី ១៩ ជាប់ៗគ្នាហើយ ដែលការនាំចេញរបស់ប្រទេសថៃ នៅតែបន្តកើនឡើង ជាពិសេសជាមួយនឹងការងើបឡើងវិញ នៃតម្រូវការសកល ខណៈពេលដែលប្រទេសជាច្រើន បានជាសះស្បើយពីជំងឺកូវីដ-១៩។

ដោយឡែក គិតតែក្នុងខែកញ្ញា ទំហំនាំចេញទំនិញរបស់ថៃ កើនឡើង ២៤,៩ ពាន់លានដុល្លារ ខណៈការនាំចេញសរុប ៣ ត្រីមាសតំបូង មានលើសការរំពឹងទុកពីរដ្ឋាភិបាលដែលបានព្យាករទុកសម្រាប់ពេញមួយឆ្នាំ ៤%-៥% រួចស្រេចទៅហើយ។

សូមបញ្ជាក់ផងដែរថា ថៃជាប្រទេសពឹងផ្នែកខ្លាំងទៅលើការធ្វើពាណិជ្ជកម្ម ដោយការនាំចេញសរុប មានប្រហែល ៦៥% នៃ GDP ។ ទំនិញចម្បងបំផុត ដែលចេញនាំចេញមានដូចជាទំនិញឧស្សាហកម្ម ដែលមាន ៨៦% នៃការនាំចេញសរុប , គ្រឿងអេឡិចត្រូនិក មាន ១៤% , យានយន្ត ១៣% , គ្រឿងចក្រ និងគ្រឿងបន្លាស់ ៧,៥% និងគ្រឿងឧបភោគបរិភោគ ៧,៥% ។ រីឯទំនិញកសិកម្មដែលសំខាន់ជាងគេ មានដូចជាអង្ករ និងកៅស៊ូ ដែលស្មើនឹង ៨% នៃការនាំចេញសរុប ។

គួរឱ្យដឹងទៀតផងដែរថា ប្រទេសដែលជាដៃគូនាំចេញសំខាន់ៗបំផុតរបស់ថៃ មានដូចជា ប្រទសចិន ១២% , ជប៉ុន ១០% , សហរដ្ឋអាមេរិក ១០% និងសហភាពអឺរ៉ុប ៩,៥% និងប្រទេសផ្សេងៗទៀតរួមមាន ម៉ាឡេស៊ី អូស្ត្រាលី និងសិង្ហបុរី ។

ទន្ទឹមនឹងការកើនឡើងនេះ ក្រសួងពាណិជ្ជកម្មរបស់ថៃ កំពុងស្វែងរកទីផ្សារថ្មីៗ បន្ថែមទៀត ក្រោយពីបានមើលឃើញការកើនឡើងនៃការនាំចេញសាច់មាន់ និងផលិតផលសំណង់ ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងចំណីសត្វចិញ្ចឹម ទៅកាន់ទ្វីបអឺរ៉ុប។

លើសពីនេះ ដោយសារតែតម្រូវការម្ហូបអាហារ នឹងបន្តកើនឡើង ដូច្នេះប្រទេសថៃ រំពឹងថាតម្លៃទំនិញនាំចេញរបស់ខ្លួន នឹងបន្តឡើងខ្ពស់ពេញមួយឆ្នាំនេះ ស្របពេលការហាមឃាត់របស់សហរដ្ឋអាមេរិក លើផលិតផលបច្ចេកវិទ្យាពីប្រទេសចិន ក៏នឹងអាចបន្តគាំទ្រដល់ការនាំចេញផលិតផលរថយន្ត និងគ្រឿងអគ្គិសនីរបស់ប្រទេសថៃបានផងដែរ ៕