កាលពីថ្ងៃទី ០៨ វិច្ឆិកាកន្លងទៅ អ៊ុយក្រែនបានបញ្ជូនរដ្ឋមន្ត្រីការបរទេស Dmytro Kuleba មកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ នៅកម្ពុជា ជំនួសប្រធានាធិបតី Volodymyr Zelenskyy។
បើទោះជាមិនបានចូលរួមដោយផ្ទាល់ ប៉ុន្តែលោក Zelenskyy ក៏ធ្លាប់រំពឹងថា នឹងអាចជួបសំណេះសំណាលជាមួយសមាជិកអាស៊ាន ក៏ដូចជាចូលរួមអង្គប្រជុំតាមរយៈវីដេអូខលផងដែរ ប៉ុន្តែគម្រោងការណ៍មួយនេះត្រូវបានរំសាយចោល។ នេះបើតាមការចុះផ្សាយពី World Nation News។
ដោយឡែក បើតាមស្ថានទូតអ៊ុយក្រែនប្រចាំប្រទេសវៀតណាមក៏បានអះអាងបន្ថែមថា គម្រោងជួបសំណេះសំណាលតាមរយៈវីដេអូខល រវាងប្រធានាធិបតី Zelenskyy ជាមួយសមាជិកអាស៊ាន ពិតជាត្រូវបានរំសាយមែន ដោយសារមិនមានការឯកភាពគ្រប់គ្រាន់ពីសមាជិកអាស៊ាន បើទោះជាកម្ពុជា ជាម្ចាស់ផ្ទះបានផ្ដួចផ្ដើមគំនិតនេះក្ដី។
សូមជម្រាបដែរថា មុនពេលបើកកិច្ចប្រជុំអាស៊ាន ប្រធានាធិបតីអ៊ុយក្រែនបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយលោកក៏បានស្នើសុំចូលរួមកិច្ចប្រជុំតាមរយៈវីដេអូខល ដើម្បីរិះរកដំណោះស្រាយជុំវិញបញ្ហាសង្គ្រាមជាមួយរុស្ស៊ី។
គួររំលឹកបន្ថែមថា មិនខុសពី Zelenskyy ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ក៏មិនអាចចូលរួមកិច្ចប្រជុំកំពូលអាស៊ានតាមការអញ្ជើញរបស់ប្រធានអាស៊ានផងដែរ ដោយលោកនឹងបញ្ជូនអ្នកតំណាងដឹកនាំគណៈប្រតិភូមកជំនួសវិញ៕