រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន មានបទពិសោធការងារមិនធម្មតា នៅលើឆាកនយោបាយ

អន្តរជាតិ

កាលពីថ្ងៃទី ០៨ ខែវិច្ឆិកា កន្លងទៅនេះ ប្រទេសអ៊ុយក្រែន បានបញ្ជូនរដ្ឋមន្ត្រីការបរទេស លោក Dmytro Kuleba ដើម្បីជួសមុខប្រធានាធិបតី លោក Volodymyr Zelenskyy សម្រាប់មកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ ដែលរៀបចំធ្វើឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការអញ្ជើញមករបស់រដ្ឋមន្រ្តីជាន់ខ្ពស់របស់អ៊ុយក្រែន ខាងលើរូបនេះ ឧញ៉ាញូវសូមលើកយកប្រវត្តិទាក់ទងខ្លះៗ របស់លោក Kuleba មកបង្ហាញឱ្យប្រិយមិត្តបានដឹងដូចតទៅ ៖

លោក Dmytro Kuleba គឺជារដ្ឋមន្ត្រីការបរទេស និងជាសមាជិកក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខរបស់អ៊ុយក្រែន។ គាត់គឺជាអ្នកការទូតដ៏ល្បីល្បាញ និងលេចធ្លោបំផុតរបស់អ៊ុយក្រែន ដោយធ្លាប់បានកាន់មុខតំណែងសំខាន់ៗ ជាច្រើនក្នុងអាជីពរបស់គាត់ផងដែរ។

លោក Kuleba បានកើតនៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ១៩៨១ នៅទីក្រុង Sumy ប្រទេសអ៊ុយក្រែន ដោយមានឪពុកឈ្មោះ Ivan Dymytrovych Kuleba ដែលជាអតីតអនុរដ្ឋមន្ត្រីក្រសួងការរទេស និងជាអ្នកការទូតមួយរូបផងដែរ ។

ឪពុករបស់លោក Kuleba ក៏ធ្លាប់បានបម្រើការងារជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសអេហ្ស៊ីប សាធារណរដ្ឋឆេក កាហ្សាក់ស្ថាន និងអាមេនី ដូច្នេះហើយទើបលោក Dmytro ទទួលបានការបំផុសគំនិតជាច្រើន ពីឪពុករបស់លោក និងបានដើរតាមកន្លង ដើម្បីចូលបម្រើការនៅក្នុង​ជួរ​នយោបាយ ប្រទេសអ៊ុយក្រែន ។

ចំពោះប្រវត្តិសិក្សាវិញ លោក Kuleba ត្រូវបានគេដឹងថា បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិ Taras Shevchenko នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិទីក្រុង Kyiv នៅក្នុងឆ្នាំ ២០០៣ ហើយក្រោយមកទៀត លោកក៏ទទួលបានសញ្ញាបត្រវិទ្យាសាស្រ្តផ្នែកច្បាប់អន្តរជាតិផងដែរ ។

ក្រោយពីបញ្ចប់ការសិក្សាភ្លាម លោក Kuleba ចាប់ផ្តើមចូលប្រឡូកក្នុងឆាកនយោបាយដំបូងរបស់ខ្លួនជាអ្នកកាទូត នៅឆ្នាំ ២០០៣ នៅពេលដែលបានចូលបម្រើការងារឱ្យក្រសួងការបរទេសអ៊ុយក្រែន។ គាត់បានធ្វើការនៅក្នុងក្រសួងនោះ រហូតដល់ឆ្នាំ ២០១៣ ហើយបានសម្រេចចិត្តចុះចេញពីតំណែង ដោយសារតែមានជម្លោះជាមួយប្រធានាធិតីកាន់តំណែងអាណត្តិនោះ គឺលោក Viktor Yanukovych។

ក្រោយមកលោក Kuleba ត្រូវបានតែងតាំងជាប្រធានមូលនិធិ UART សម្រាប់ការទូតវប្បធម៌ និងបានចូលរួមក្នុងចលនា Euromaidan នៅក្នុងឆ្នាំ ២០១៣។ ក្នុង​អំឡុង​ពេលមានជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន នៅឆ្នាំ ២០១៤ លោក​ Kuleba បាន​ត្រឡប់​ទៅធ្វើការនៅ​ក្រសួង​ការ​បរទេស​វិញ ​ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូត​សម្រាប់កិច្ចការ​ទំនាក់ទំនង។ ដោយមានចំណេះដឹងខ្ពស់ផ្នែកឌីជីថល វប្បធម៌ និងការទូតសាធារណៈ នៅកន្លែងធ្វើការ លោក Kuleba រួមចំណែកជួយយ៉ាងសំខាន់ ក្នុងការដោះស្រាយវិបត្តិរវាងប្រទេសទាំងពីរ ។

លុះក្រោយមកទៀត លោក Kuleba ក៏ត្រូវបានតែងតាំងជាអ្នកតំណាងអចិន្ត្រៃយ៍របស់អ៊ុយក្រែន នៅក្នុងក្រុមប្រឹក្សាអឺរ៉ុប រហូតដល់ឆ្នាំ ២០២០ លោកបន្តទទួលតំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន ហើយក៏ជាសមាជិកមួយរូប នៅក្នុងក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខផងដែរ ។

នៅឆ្នាំ ២០២២ ជាពេលដែលអ៊ុយក្រែន ទទួលរងការឈ្លានពីរុស្ស៊ី លោក Kuleba បានចេញមុខនិយាយទៅកាន់ពិភពលោក ឱ្យរកដំណោះស្រាយសម្រាប់ប្រទេសរបស់ខ្លួន រួមទាំងការស្នើសុំជំនួយហិរញ្ញវត្ថុ ជំនួយមនុស្សធម៌ ក៏ដូចជាការគាំទ្រពីប្រទេសផ្សេងទៀតរបស់សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ដើម្បីប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ។

បញ្ជាក់ផងដែរ Dmytro Kuleba ត្រូវបានចាត់ទុកថាអ្នកការទូតដ៏មានបំផុតម្នាក់ ដោយយោងតាមការវិភាគរបស់ Forbes និ Business Insider ទ្រព្យសម្បត្តិសរុបរបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនរូបនេះ មានប្រហែល ១,៥ លានដុល្លារ៕