ស្តេចព្រុយណេ ព្រះចៅស៊ុលតង់ គង់ប្រថាប់សណ្ឋាគារអ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងអំឡុងកិច្ចប្រជុំ

សង្គម​ និង​សេដ្ឋកិច្ច

ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារ៉ូសាឡឹម យាងដល់កម្ពុជានៅរសៀលថ្ងៃពុធ ទី៩ ខែវិច្ឆិកាម្សិលមិញ ដោយបើកបរព្រះទីនាំងយន្តហោះផ្ទាល់ព្រះអង្គយាងអមដោយព្រះរាជបុត្រមួយព្រះអង្គ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជដំណើរយាងរបស់ព្រះមហាក្សត្រ ព្រុយណេ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំព័ន្ធនៅកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងឱកាសយាងមកដល់កម្ពុជា ព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសសណ្ឋាគារ លំដាប់ផ្កាយរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ គឺសណ្ឋាគារ Garden City ដែលនៅមិនឆ្ងាយពីវិមានឈ្នះឈ្នះ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ដំណើរយាងដល់សណ្ឋាគារ Garden City មានឧកញ៉ា លី ឆូកឆៃ ត្រូវកូនប្រុសអ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន Y.L.P Group អញ្ជើញទទួលព្រះរាជបដិសណ្ឋារកិច្ច ព្រះចៅស៊ុលតង់ និងព្រះរាជបុត្រា ព្រមទាំងគណៈប្រតិភូប្រទេសព្រុយណេ។

សូមជម្រាបថា ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋយាងមកកាន់កម្ពុជារបស់ព្រះចៅស៊ុលតង់ ស្របពេលដែលប្រទេសទាំងពីរប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំនេះ។

ទន្ទឹមនឹងនោះ ព្រះចៅស៊ុលតង់ និងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងមានកិច្ចប្រជុំទ្វេភាគីនៅវិមានសន្តិភាព បន្ទាប់មកនឹងយាង/អញ្ជើញធ្វើអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគគ្នារវាងប្រទេសទាំងពីរ ស្តីពីកិច្ចពិគ្រោះយោបល់ទ្វេភាគី៕