សម្តេច ហ៊ុន សែន៖ ប្រហែល១០០ ឯកសារ នឹងអនុម័ត ដើម្បីជាមគ្គុទេសក៍សម្រាប់សកម្មភាពអាស៊ាន

សង្គម​ និង​សេដ្ឋកិច្ច

រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បាន​ឱ្យដឹងថា ជាមួយនឹងការព្យាយាម និង​កិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីលះបង់របស់យើង​​តាម រយៈ​សមាជិកអាស៊ាននីមួយៗ និងអាស៊ានជារួម។ទន្ទឹមគ្នានេះ សម្តេចតេជោ អះអាងថា ក្នុង​កិច្ច​ប្រជុំ​អា​ស៊ាន​នេះ យើងនឹងអនុម័ត ចំនួនប្រហែល ១០០ ឯកសារ ដើម្បី​ជា​មគ្គុទេសក៍​សម្រាប់​សកម្មភាព​អាស៊ាន​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ពាក់​ព័ន្ធ​ជាមួយ​ដៃគូ ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២២  សម្តេចតេជោ បន្តថា បន្ទាប់ពីរងផលប៉ះពាល់ពីបញ្ហានៃជំងឺកូវីដ-១៩ សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន ងើបឡើងវិញបានបន្តិច និងឆ្ពោះទៅរកកំណើនខ្ពស់បណ្ដើរៗ ទាំង​ឆ្នាំ​នេះ និងឆ្នាំក្រោយ ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នជានិច្ច ព្រោះនៅតែមានភាពផុយស្រួយ និង​មាន​ការ​បែក​ខ្ញែក​គ្នា​នៅឡើយ ។

ជាមួយគ្នានេះ សម្តេចេជោបន្តថា «ពាក្យស្លោកមួយបានពោលថា គ្រោះមហន្តរាយ និងវិបត្តិ អាច​បញ្ចេញ​មកនូវឧត្តមភាពរបស់មនុស្ស ។ ក្នុងន័យនេះ ខ្ញុំមានជំនឿថា យើងទាំងអស់គ្នាជួបជុំគ្នានៅទីនេះ និងថ្ងៃនេះ ក្នុងគោល បំណងចែករំលែកនូវការយល់ឃើញពីភាពបន្ទាន់ ក្នុងការធ្វើការរួមគ្នា ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម រួមខាងលើ ។ ខ្ញុំក៏ជឿជាក់ថា អ្នកទាំងអស់គ្នា យល់ស្របជាមួយនឹងមូលបទឆ្នាំនេះ «អាស៊ានរួម​គ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដែលត្រូវនឹងបរិបទ ហើយ​ក៏សមស្រប​នឹងស្ថានការណ៍​បច្ចុប្បន្ន»

សម្តេចតេជោបញ្ជាក់ទៀតថា ដោយឆ្នាំ ២០២២ នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធជាមួយដៃគូ នឹងផ្តល់នូវដំណោះស្រាយ ដើម្បី​សម្រេចនូវសមិទ្ធផល និងអាទិភាពគន្លឹះសម្រាប់ឆ្នាំ ២០២២ របស់អាស៊ាន និង​ផ្សារភ្ជាប់​ជាមួយ​នឹង​ទិស​ដៅសហប្រតិបត្តិការ នាពេលអនាគត ។ ហេតុនេះ ក្នុងកិច្ចប្រជុំទាំងនេះ យើងនឹងអនុម័ត និង​កត់​សម្គាល់​នូវបញ្ជីឯកសារសមិទ្ធផល ដ៏វែង ចំនួនប្រហែល ១០០ ឯកសារ ដើម្បីជាមគ្គុទេសក៍សម្រាប់សកម្មភាព និង​សហប្រតិបត្តិការរបស់ យើងនាឆ្នាំតទៅមុខ៕