កម្ពុជា បង្កើតរបាំថ្មីមួយ សម្រាប់ពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន ២០២២

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុង​នាម​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​នេះ​ ​បាន​បង្កើត​របាំ​ថ្មី​មួយ ​​ឈ្មោះថា “របាំស្វាគមន៍​កិច្ចប្រជុំកំពូលអាស៊ាន” (Opening Ceremony) សម្រាប់​បង្ហាញ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ និង​៤១ និង​កិច្ច​ប្រជុំ​​កំពូល​ពាក់ព័ន្ធ ​​​ក្រោម​វត្តមាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ប្រមុខ​ថ្នាក់​ដឹកនាំ​អាស៊ាន​ នៅ​សណ្ឋាគារ ​សុខា ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃទី​១១ ខែ​វិច្ឆិកា​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​លោក គឹម ពីនន់ ​​អនុរដ្ឋ​លេខាធិការ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា សម្រាប់​​ការ​បើក​កិច្ច​​ប្រជុំកំពូលនៅថ្ងៃទី១១ ដែល​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​​ចូលរួមជា​អធិបតី​នៅក្នុងពិធីបើក គឺ​មានការសម្តែងសិល្បៈមួយ ដែលហៅថា Opening Ceremony ដែល​ក្រសួងបានរៀប​ចំ​របាំស្វាគមន៍កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ​ជា​ពិសេស ហើយនឹងច្រៀងគោរពទង់អាស៊ាន។

លោក​បាន​បន្ត​ថា៖ “នៅពេលពិធីបើកទទួលស្វាគមន៍កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រសួងបាន​បង្កើតរបាំថ្មីមួយ មានឈ្មោះថារបាំស្វាគមន៍កិច្ចប្រជុំកំពូលអាស៊ាន ដែលបង្ហាញពីបេតិកភណ្ឌវប្បធម៌ អរូបិយ​នៃមនុស្សជាតិរបស់ប្រទេសកម្ពុជា។ ហើយយើងរៀបចំទង់ប្រទេសដែលចូលរួមទាំងប៉ុន្មាន របាំហ្នឹង​យើងអមដោយទង់ អ្នករបាំកាន់ទង់ទាំងនោះរាំ ហើយខាងក្រោយយើងមានបញ្ចាំង LED គឺជារូបបេតិក​ភណ្ឌ​វប្បធម៌​អរូបិយនៃមនុស្សជាតិរបស់យើង ហើយដាក់បញ្ចូលមកជារបាំមួយ ដែលយើងបង្កើតថ្មី ខុសពី​កាលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស គឺយើងបង្កើតថ្មីមួយទៀតមិនយកដដែលទេ”។

សូមជម្រាបជូន​ថា ​​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ជា​ផ្លូវ​ការ ​​ត្រូវ​បាន​ប្រារព្វ​ឡើង​កាល​ពី​ព្រឹក​​ថ្ងៃទី​១១ ខែ​វិច្ឆិកា​នេះ ​​ខណៈ​ដែល​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បាន​ឱ្យដឹងថា ​ឆ្នាំ​នេះ ជា​ឆ្នាំ​វិសេសវិសាល​របស់​អាស៊ាន ព្រោះ​ជា​ខួប​អនុស្សាវរីយ៍ ​​៥៥​ឆ្នាំ នៃ​វឌ្ឍនភាព និង​ការ​អភិវឌ្ឍ ​ចាប់តាំង​ពី​ការ​បង្កើត​សមាគម​ផង​ដែរ។

សម្តេច​តេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា មាន​ជំនឿ​ថា ​​ការ​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​នេះ ​ក្នុង​គោល​បំណង​ចែក​រំលែក​នូវ​ការ​យល់ឃើញ​ពី​ភាព​បន្ទាន់ ក្នុង​ការ​ធ្វើការ​រួម​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រួម ​​ស្រប​ជាមួយ​នឹង​មូល​បទ​ឆ្នាំ​នេះ “អាស៊ាន​រួម​គ្នា​ធ្វើ៖ ដោះស្រាយបញ្ហាប្រឈម​ទាំង​អស់​គ្នា”៕