នៅថ្ងៃសុក្រនេះ អនុប្រធានាធិបតីឥណ្ឌា Jagdeep Dhankhar បានចាកចេញពីប្រទេសឥណ្ឌា មកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន-ឥណ្ឌា និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា រយៈពេល ៣ ថ្ងៃ។ នេះបើតាមការចុះផ្សាយពី BS។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក Dhankhar ក៏នឹងជួបសំណេះសំណាលជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន ជជែកគ្នាពីជំនួបទ្វេភាគី ក៏ដូចជាចូលប្រជុំជាមួយនឹងមេដឹកនាំមកពីប្រទេសជាច្រើនទៀតផងដែរ។
គួរជម្រាបដែរថា នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងសម្រាប់លោក Dhankhar ចាប់តាំងពីលោកចូលកាន់តំណែងជាអនុប្រធានាធិបតី កាលពីខែសីហាឆ្នាំនេះ។
បន្ថែមពីនោះ ប្រធានបទសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី ៣០ នេះ នឹងស្ដីពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី បន្ថែមការវិនិយោគទៅវិញទៅមក ក៏ដូចជាបង្ហាញពីមិត្តភាពយូរអង្វែងរវាងឥណ្ឌា និងបណ្ដាប្រទេសនៅអាស៊ានផងដែរ៕