ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) និងជំទាវទី ១ បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង ១ រសៀល ថ្ងៃទី ១១ វិច្ឆិកានេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នៅក្នុងដំណើរទទួលបដិសណ្ឋារកិច្ចស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូង ដោយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រើប្រាស់រថយន្តក្នុងក្បួនដំណើរសុទ្ធតែសេរីទំនើប ហើយក្នុងចំណោមនោះគឺ Cadillac Escalade 2021 ដែលជារថយន្តប្រភេទ SUV ទំនើប
យោងតាមការចុះផ្សាយពីគេហទំព័រ USNews បានឲ្យដឹងថា ចាប់ពីសេរីឆ្នាំ ២០២១ ឡើងទៅ Escalade បានផ្លាស់ប្ដូររចនាបថទាំងស្រុង ហើយផ្នែកខាងក្នុងមានសភាពទូលាយជាងមុន បើទោះជារថយន្តប្រភេទនេះ មាន ៧ កៅអីក៏ដោយ។
Cadillac Escalade ផលិតមកមានច្រើនជម្រើស ជាមួយនឹងកម្លាំងម៉ាស៊ីនមិនសូវលើសខ្វះគ្នា ដោយប្រភេទខ្លះបើកបរដោយប្រើកង់ក្រោយ និងខ្លះទៀតប្រើបានកង់ទាំង ៤។ កាន់តែពិសេសនោះគឺ ឆ្លងកាត់ការធ្វើតេស្តកម្រិតសុវត្ថិភាពរួចមក Cadillac Escalade 2021 ពិតជាស័ក្ដិសមក្នុងការប្រើប្រាស់ជារថយន្តក្នុងក្បួនដំណើរ ដោយសារវាធន់នឹងការប៉ះទង្គិចទាំងមុខ និងចំហៀង។
សូមជម្រាបដែរថា Cadillac Escalade មានច្រើនប្រភេទសម្រាប់ជ្រើសរើស ខណៈតម្លៃរបស់វានៅលើទីផ្សារអាមេរិកវិញ មានចាប់ពីជាង ៧៦ ០០០ រហូតដល់ជាង ១០០ ០០០ ដុល្លារក៏មាន៕