ក្នុងជំនួបផ្ទាល់ជាមួយ ឯកឧត្ដម លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន និងនៅចំពោះមុខ ថ្នាក់ដឹកនាំនៃរដ្ឋសមាជិកអាស៊ានជាច្រើនប្រទេសផ្សេងទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្ដីប្រកាសរួមជាច្រើនចំណុចជាមួយភាគីចិន។ ក្នុងនោះសេចក្ដីប្រកាសរួមនោះ ភាគីកម្ពុជា បានអះអាងសាជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះ “គោលនយោបាយចិនមួយ” ។
បន្ថែមពីនេះ ភាគីកម្ពុជា ក៏បានប្រកាសប្រឆាំងចំពោះសកម្មភាព និងពាក្យពេចន៍ទាំងឡាយណា ដែលបំផ្លាញដល់អធិបតេយ្យភាព និងបូរណភាពដែនដីចិន ប្រឆាំងរាល់ទម្រង់នៃសកម្មភាពរបស់ ក្រុមបំបែកខ្លួន ដើម្បីទាមទារ “ឯករាជ្យភាពតៃវ៉ាន់” រួមទាំងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យក្រោមហេតុផលណាមួយក៏ដោយ។
នៅក្នុងសេចក្ដីប្រកាសរួម រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោយមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានឯកឧត្ដមនាយករដ្ឋមន្ត្រី លី ខឺឈាង ភាគីទាំង២ បានឯកភាពជាឯកច្ឆន្ទលើចំណុចជាច្រើន តាមរយៈការផ្លាស់ប្ដូរទស្សនៈយ៉ាងស៊ីជម្រៅលើទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍រួម ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឱ្យបានកាន់តែខ្លាំងក្លាថែមទៀត។
បន្ថែមពីនេះ ភាគីទាំងពីរក៏បានឯកភាព កំណត់យក ឆ្នាំ២០២៣ ជា “ឆ្នាំមិត្តភាពកម្ពុជា–ចិន” ហើយនឹងរួមគ្នាប្រារព្វពិធីអបអរសាទរជាច្រើន ដើម្បីបង្កើនការយល់គ្នាទៅវិញទៅមក និងមិត្តភាពរវាង ប្រជាជនទាំងពីរផងដែរ៕