ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្រុមហ៊ុន Royal Group Power Company Ltd (RGP) និងក្រុមហ៊ុន Keppel Infrastructure Holdings Pte Ltd (KI) តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ ក្រុមហ៊ុន Keppel Energy Pte Ltd (KE) កាលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះកិច្ចព្រមព្រៀងបឋមចងកាតព្វកិច្ចប្រគល់សិទ្ធិផ្តាច់មុខ ដើម្បីសិក្សាលទ្ធភាពអភិវឌ្ឍន៍ និងប្រតិបត្តិការរួមគ្នាលើគម្រោងថាមពលកកើតឡើងវិញនៅកម្ពុជា។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group Power មានប្រសាន៍ថា៖ « កិច្ចព្រមព្រៀងផ្តាច់មុខជាមួយក្រុមហ៊ុន Keppel គឺដើម្បីអភិវឌ្ឍ និងនាំចេញថាមពលរហូតដល់ ១.០០០មេហ្គាវ៉ាត់ ពីព្រះរាជាណាចក្រកម្ពុជាទៅសាធារណរដ្ឋសឹង្ហបូរី ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបញ្ជូនថាមពល សម្រាប់ដោះស្រាយការនាំចេញថាមពលពីឡាវ គឺតំណាងឲ្យការចាប់ផ្តើមនូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងក្រុមហ៊ុនទាំងពីរ»។
អ្នកឧកញ៉ា បានគូសបញ្ជាក់ថា៖ «នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន។ កិច្ចសហប្រតិបត្តិការរវាងធុរកិច្ច និងធុរកិច្ចរបស់យើង នឹងចូលរួមចំណែកយ៉ាងច្រើនដល់ការអនុវត្តកាន់តែទូលំទូលាយនូវ ខ្សែបណ្តាញបញ្ជូនថាមពលអាស៊ាន តាមរយៈតំណភ្ជាប់ផ្នែកអគ្គិសនីក្នុងអាស៊ាន ដោយអនុវត្តនូវធាតុផ្សំជាគន្លឹះនៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រសួងរ៉ែ និងថាមពលនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី ក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២»។
កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ KI ក្នុងការស្វែរកធនធានថាមពលប្រកបដោយចីរភាព និងអាចទុកចិត្តបាន ដែលជួយគាំទ្រដល់ពាណិជ្ជកម្មថាមពលឆ្លងកាត់ព្រំដែនអាស៊ាន ដោយរាប់បញ្ចូលទាំងការនាំចូលថាមពលបៃតងទៅសិង្ហបុរីផងដែរ។
លោកស្រី Cindy Lim ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន KI មានប្រសាសន៍ថា៖ «កិច្ចព្រមព្រៀងនេះ ជាជំហានដ៏សំខាន់ក្នុងពន្លឿនការអភិវឌ្ឍធនធានថាមពលកកើតឡើងវិញ ក៏ដូចជាចាប់យកកាលានុវត្តភាពដែលកើតចេញពី ចក្ខុវិស័យខ្សែបណ្តាញបញ្ជូញថាមពលអាស៊ាន នៃពាណិជ្ជកម្មអគ្គិសនីពហុភាគី លើសពីព្រំដែនអន្តរជាតិ ដោយរាប់បញ្ចលទាំងការនាំចូលជាសក្តានុពលនូវអគ្គិសនីដែលមានកាបូនទាបទៅកាន់សិង្ហបុរី»។
លោកស្រីបានថ្លែងថា៖ «តាមរយៈកិច្ចព្រមព្រៀងនេះ មិនត្រឹមតែអាស៊ាន អាចឆ្លងឆ្ពោះទៅរកថាមពលចម្រុះបៃតងយ៉ាងលឿនប៉ុណ្ណោះទេ គឺថែមទាំងជួយជំរុញភាពធន់នឹងថាមពលសម្រាប់សិង្ហបុរី និងតំបន់ផងដែរ។ ក្រុមហ៊ុន Keppel Infrastructure មានសេចក្តីសោមនស្សរីករាយក្នុងការពង្រីកភាពជាដៃគូជាមួយកម្ពុជា និងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Royal Group Power ដើម្បីផ្តល់ជូននូវដំណោះស្រាយថាមពល រួម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលប្រកបដោយចីរភាព និងអាចពង្រីកវិសាលភាពបាន ដើម្បីបំពេញតាមកំណើនតម្រូវការក្នុងតំបន់»។
តាមរយៈកិច្ចព្រមព្រៀងនេះ ត្រូវគេរំពឹងថា នឹងជួយន្លឿនចក្ខុវិស័យបណ្តាញបញ្ជូនថាមពលអាស៊ាន នៃពាណិជ្ជកម្មអគ្គិសនីពហុភាគីផងដែរ។
សូមជម្រាបដែរថា ក្រុមហ៊ុន Royal Group Power Company Ltd. (“RGP”) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន Royal Group បានបង្កើតឡើងក្នុងឆ្នាំ ១៩៩១ ជាក្រុមហ៊ុនធំជាងគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា (“Royal Group” ឬ “the Group”)។ រ៉ូយ៉ាល់គ្រុប គឺជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ឈានមុខគេនៅកម្ពុជា៕