លោកប្រធានាធិបតីអាមេរិកទី៤៦ ចូ បៃដិន (Joe Biden) នឹងអញ្ជើញធ្វើដំណើរមកដល់រាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ ៨:០៥នាទីព្រឹក ថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្អែកនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលមានកម្ពុជាជាម្ចាស់ផ្ទះ។ ការធ្វើដំណើរមកកាន់ប្រទេសកម្ពុជានេះ ត្រូវបានគេមើលឃើញថា លោក ចូ បៃដិន មានក្តីរំពឹងដ៏ធំមួយ។
យោងតាមសារព័ត៌មាន Politico បានឱ្យដឹងថា លោកប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ជាមួយនឹងក្តីរំពឹងថា លោកនឹងអាចពង្រឹងឡើងវិញនូវទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួននៅទូទាំងតំបន់ប៉ាស៊ីហ្វិក រួមទាំងតំបន់អាស៊ាន ខណៈដែលតំបន់ទាំងនេះ កំពុងមានការកើនឡើងឥទ្ធិពលរបស់ចិនយ៉ាងខ្លាំង។
គួររំលឹកថា ក្រុមអង្គរក្ស និងក្រុមការងារពិធីការរបស់លោកប្រធានាធិបតីអាមេរិក បានមកដល់ប្រទេសកម្ពុជា និងបានដឹកទាំងរថយន្ត “The Beast” មកដល់រាជធានីភ្នំពេញ តាំងពីចុងខែតុលា ខណៈដែលនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា នេះ គេបានប្រទះឃើញរថយន្តប្រធានាធិបតីសហរដ្ឋអាមេរិក “The Beast” ចំនួន២គ្រឿង បានចូលចាក់សាំងនៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង នៅលើផ្លូវប៉ាស្ទ័រ (ផ្លូវលេខ៥១) គឺស្ថានីយប្រេងឥន្ធនៈ សូគីមិច រួចរាល់ហើយផងដែរ ដើម្បីត្រៀមជូនដំណើរថ្នាក់ដឹកនាំកំពូលលំដាប់ពិភពលោករូបនេះ មកកាន់ទីកន្លែងនៃកិច្ចប្រជុំ នៅសណ្ឋាគារ សុខា ភ្នំពេញ។
សូមជម្រាបថា មុនមកដល់កម្ពុជា មេដឹកនាំអាមេរិក ចូ បៃដិន ទើបបានចូលរួមអង្គប្រជុំសំខាន់មួយ នៅប្រទេសអេហ្ស៊ីប គឺកិច្ចប្រជុំស្ដីពីបម្រែបម្រួលអាកាសធាតុ រៀបចំឡើងដោយអង្គការសហប្រជាជាតិ COP27 United Nations នៅថ្ងៃទី១១ ខែវិច្ឆិកានេះ ហើយលោកនឹងស្រូតធ្វើដំណើរមកកម្ពុជាឱ្យទាន់កិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី ១២ និង ១៣ វិច្ឆិកា មុននឹងលោកត្រូវធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំ G20 ពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា បន្តទៀត៕