យោងតាមការចុះផ្សាយពីសារព័ត៌មាន Antaranews បានបង្ហាញថា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានជំរុញឱ្យអាស៊ាន និងចិន ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សហការគ្នាបន្ថែមទៀត ទៅលើការរក្សាស្ថិរភាពនៅក្នុងតំបន់ ដើម្បីអាចធានាបានថា នឹងមិនទទួលរងផលប៉ះពាល់ ដោយសារតែវិបត្តិពិភពលោក នាពេលបច្ចុប្បន្ន ។
ជាក់ស្តែង លោក Widodo បានលើកឡើងបែបនេះ ក្នុងអំឡុងពេលថ្លែងសុន្ទរកថា នៅក្នុងការបើកកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃសុក្រ ទី ១១ ខែវិច្ឆិកាកន្លងទៅ ។
លើសពីនេះ លោកមានប្រសាសន៍ទៀតថា “រឿងដំបូងដែលយើងត្រូវដោះស្រាយនោះគឺសន្តិសុខស្បៀងអាហារ។ ជាមួយនឹងចំនួនប្រជាជនដែលមានជាងពីរពាន់លាននាក់ ការដែលអាចធានាបាននូវការផ្គត់ផ្គង់ និងលទ្ធភាពទទួលបានស្បៀងអាហារ គឺជាកិច្ចការដ៏គួរឱ្យស្ញប់ស្ញែង សម្រាប់អាស៊ាន និងចិន។ ហើយសន្តិសុខស្បៀងអាហារនៅក្នុងតំបន់ គឺជាអាទិភាពចម្បង” ។
លោក Widodo បានចង្អុលបង្ហាញទៀតថាតំបន់នេះ នៅតែងាយរងការរំខាន ចំពោះការផ្គត់ផ្គង់ស្បៀងអាហារ ដោយមានអាស៊ាន ជាឧទាហរណ៍ស្រាប់ ព្រោះថាតំបន់នេះ គឺជាអ្នកប្រើប្រាស់ស្រូវសាលី និងសណ្តែងសៀងដ៏ធំបំផុតមួយរបស់ពិភពលោក ហើយបានចំណាយទឹកប្រាក់យ៉ាងតិច ៦១ ពាន់លានដុល្លារ លើការនាំចូលស្បៀងអាហារទាំងនោះ ។
ប្រធានាធិបតីរូបនេះ ក៏បានបន្ថែមទៀតផងដែរថា ” ខ្ញុំបានមើលឃើញថាប្រទេសចិន មានសមត្ថភាពខ្ពស់ ដើម្បីពង្រឹងយុទ្ធសាស្រ្តសន្តិសុខស្បៀង។ យើងត្រូវសហការគ្នា ក្នុងការធានាលើខ្សែសង្វាក់ផ្គត់ផ្គង់ និងស្ថិរភាពតម្លៃម្ហូបអាហារ។ ហើយខ្ញុំសង្ឃឹមថាអាស៊ាន និងចិន នឹងអាចសហការគ្នាបន្ថែមទៀត លើការធានាចំពោះស្បៀងអាហារបម្រុង និងយន្តការសង្គ្រោះបន្ទាន់សម្រាប់ស្បៀងអាហារ ក្នុងតំបន់ ” ។
លោក Widodo ក៏បានសង្កត់ធ្ងន់ផងដែរ អំពីសារៈសំខាន់នៃការរក្សាស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់ ដោយហេតុថាការគំរាមកំហែងនៃវិបត្តិសេដ្ឋកិច្ចពិភពលោក គឺជាបញ្ហាប្រឈមទូទៅដ៏ធំមួយ។ ដូច្នេះភាគីទាំងពីរគួរតែឆ្លើយតបទៅនឹងស្ថានភាពដ៏លំបាកនេះ ជាមួយនឹងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ៕