មេដឹកនាំកំពូលអាមេរិក ចូ បៃដិន ស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៥ មួយនៅរាជធានីភ្នំពេញ

អន្តរជាតិ

នា​ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០ នាទីព្រឹក លោក​ប្រធានាធិបតីអាមេរិក ចូ បៃដិន បាន​ធ្វើដំណើរ​មកដល់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូលពាក់ព័ន្ធ​នានា។ មក​ដល់​រាជធានីភ្នំពេញ​ភ្លាម ​​​ក្បួន​រថយន្ត​របស់​លោក បាន​​ធ្វើ​ដំណើរ​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ​​ឆ្ពោះ​ទៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ មួយ​កន្លែង​ គឺ​សណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ (Raffles Le Royal) ​ដែល​ជា​កន្លែង​សម្រាក​ស្នាក់នៅ​​ មុន​​អញ្ជើញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ ​​នា​ពេល​ព្រលប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរ​មក​ដល់​របស់​លោក​ប្រធានាធិបតី​ទី​៤៦ របស់​អាមេរិក ​​បាន​​ធ្វើ​ឱ្យ​កម្លាំង​សមត្ថកិច្ច​បិទ​ចរាចរណ៍​ទាំង​ស្រុង ​​នៅ​លើ​កំណត់​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ​​​ចាប់ពី​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ រហូត​ដល់​សណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ ​​តាំង​ពី​ម៉ោង​ ៨:០០​នាទី​ព្រឹក ដល់​​ម៉ោង​ ០៩:៣០​នាទីព្រឹក ដើម្បីការពារសុវត្ថិភាព និងក្បួនធ្វើដំំណើរ​របស់លោក។

សណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ (Raffles Le Royal) មានទីតាំង​នៅ​​រុក្ខវិថី​លេខ​៩២ សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូនពេញ​ ជា​សណ្ឋាគារ​​លំដាប់​ប្រណិត​ផ្កាយ៥ ដែល​បាន​កសាង​ឡើង​នៅ​សម័យ​បារាំង ហើយសព្វថ្ងៃ​សណ្ឋាគារ​នេះ នៅតែរក្សារចនាបថដើមសឹងតែ១០០ភាគរយ។ សណ្ឋាគារ​នេះ បើក​ឱ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ១៩២៩ ក្រោមព្រះរាជាធិបតីព្រះបាទស៊ីសុវត្ថិ មុនីវង្ស ដែល​មក​ដល់​បច្ចុប្បន្ន​នេះ មាន​អាយុ​កាល​ជិត​ ១០០​ឆ្នាំ​ហើយ។

រ៉ាហ្វលឡឺរ៉ូយ៉ាល់ ជាសណ្ឋាគារ ដែលឥស្សរ:ជនល្បីៗនៅលើពិភពលោក​ជ្រើសជ្រើសរើស សម្រាប់ការ​ស្នាក់​នៅរាល់ពេលមកកម្ពុជា ដែលក្នុងនោះរួមមាន នៅឆ្នាំ១៩៣៦ តារាកំប្លែងជនជាតិអង់គ្លេស Charlie Chaplin (លោក សាកឡូ) និងលោកស្រី Paulette Goddard, អ្នក​និពន្ធរឿងជនជាតិអង់គ្លេសលោក William Somerset Maugham, នៅឆ្នាំ១៩៦៦ លោកប្រធានាធិបតី​បារាំង ហ្សាល ដឺហ្គូល (Charles de Gaulle), នៅឆ្នាំ១៩៦៧ ស្ត្រីទី១អាមេរិកលោកស្រី Jacqueline Kennedy (ភរិយារបស់ប្រធានាធិបតីអាមេរិកលោក John F Kennedy), អ្នកនិពន្ធប្រលោម​លោកល្បី​​ឈ្មោះជនជាតិបារាំងលោក Andre Malraux និងលោកប្រធានធិបតីសហរដ្ឋអាមេរិក​លោក ប៉ារ៉ាក់ អូប៉ាមា (មកចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ) នៅឆ្នាំ២០១២ ផងដែរ។

សូម​ជម្រាប​​ជូន​ថា ​​លោក​ប្រធានាធិបតី ចូ បៃដិន ​​នឹង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក លើក​ទី​១០ នៅ​វេលា​ម៉ោង ៥:០០​ល្ងាច ថ្ងៃទី​១២ ខែ​វិច្ឆិកា​នេះ នៅ​សណ្ឋាគារ​ សុខា ភ្នំពេញ។ លោក​នឹង​ស្នាក់​​​នៅ​សណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ (Raffles Le Royal) ​រយៈពេល​មួយ​យប់ ​ហើយ​នឹង​មាន​ជំនួប​ទ្វេរភាគី​ជាមួយ​មេដឹកនាំ​ប្រទេស​មួយ​ចំនួន នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ​​មុន​ពេល​​លោក​​ចាក​ចេញ​ពី​ទឹកដី​កម្ពុជា ​​នៅ​រសៀល​ថ្ងៃ​ដដែល ​​ដើម្បី​បន្ត​ដំណើរ​ទៅ​កាន់​​ប្រទេស​ឥណ្ឌូនេស៊ី ​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ G-20 ពី​ថ្ងៃទី ១៣ រហូត​ដល់ថ្ងៃទី១៦ ខែ​វិច្ឆិកា​ បន្តទៀត៕​