សមយុទ្ធកម្ពុជា-ចិន ឆ្នាំ២០២០ បានធ្វើឡើងក្នុងទ្រង់ទ្រាយធំជាងបណ្ដាឆ្នាំមុនៗ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និង ការងារមនុស្សធម៌»។ សមយុទ្ធនេះ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅទីលានបាញ់គ្រាប់ពិត តេជោសែនជុំគីរី របស់កងពលតូចថ្មើរជើងលេខ៧០ ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានបើកសមយុទ្ធនាគមាសឆ្នាំ២០២០ រួមគ្នាលើកទី៤ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» ដែលមានទីតាំងស្ថិតនៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគីរី របស់កងពលតូចថ្មើរជើងលេខ៧០ ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។
ប្រធានក្រុមការងារដឹកនាំធ្វើសមយុទ្ធប្រទេសទាំងពីរ បានឱ្យដឹងថា សមយុទ្ធឆ្នាំនេះ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមពីកងទ័ពកម្ពុជា-ចិន សរុបជាង៣ពាន់នាក់ អមដោយអាវុធយុទ្ធភណ្ឌធន់ធ្ងន់ រថក្រោះរថពាសដែក ឧត្ថម្ភាកចក្រ រួមជាមួយនឹងកាំភ្លើងស្វយប្រវត្តិ ឧបករណ៍សម្រាប់ស៊ើបការណ៍, ឧបករណ៍សម្រាប់ដោះមីន, និងឧបករណ៍សម្រាប់បន្សាបសារធាតុគីមីជាច្រើនទៀត។
ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា នេះជាលើកទី៤ហើយ ដែលកងយោធពលខេមរភូមិន្ទ និង កងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធរួមគ្នា ដែលសមយុទ្ធនីមួយៗសុទ្ធតែបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ ការលើកកម្ពស់ចំណងសាមគ្គីភាព ក៏ដូចជាការបណ្តុះបណ្តាលចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ ជាពិសេសការធ្វើឱ្យប្រសើរឡើងក្នុងកិច្ចសហប្រតិបត្តិការ និងសមត្ថភាពកងទ័ពប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះ នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់យោធិនគ្រប់រូបនៃកងយោធពលខេមរភូមិន្ទ ត្រូវគោរពប្រតិបត្តិឱ្យបានម៉ឹងម៉ាត់នូវបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ក្នុងនោះត្រូវរួមសហការឱ្យមានភាពស្និទ្ធស្នាលជាមួយកងទ័ពភាគីចិន ក្នុងនាមជាម្ចាស់ផ្ទះ ត្រូវបង្កើតនូវបរិយាកាសរីករាយ កាន់តែស៊ីជម្រៅថែមទៀត អំពើតម្លៃនៃវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ឲ្យដឹងថា សមយុទ្ធនាគមាសឆ្នាំនេះ មានពីរវិញ្ញាសារ២វិញ្ញាសា គឺទី១ របៀបដឹកនាំបញ្ជានៅទីបញ្ជាការ ការរៀបចំនៅទីបញ្ជាការ និងលំដាប់លំដោយការងារសេនាធិការនៅក្នុងទីបញ្ជាការ និងទី២ការវឹកហាត់នៅលើទីលាន។
ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន បានចាត់ទុកលំហាត់សមយុទ្ធនាគមាស ឆ្នាំ២០២០នេះ គឺជាយុទ្ធការជាក់ស្តែងមួយក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំកងទ័ពប្រទេសទាំងពីរ ក្នុងការជំរុញឱ្យកាន់តែស៊ីជម្រៅថែមទៀតនៃកិច្ចសហប្រតិបត្តិការលើវិស័យយោធា និងចូលរួមជំរុញលើកម្ពស់សមត្ថភាពនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឆ្ពោះទៅមុខបន្ថែមទៀត។
ខណៈដែលកម្ពុជា កំពុងផ្ទុះការឆ្លងជាបន្តបន្ទាប់នូវវីរុសកូវីដ១៩ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា បានអះអាងថា ចិននឹងបន្ដជួយដល់កម្ពុជា ក្នុងប្រតិបត្តិការការពារ ទប់ស្កាត់វីរុសកូវីដ១៩ ដែលកន្លងទៅចិន ក៏បានផ្ដល់សម្ភារឧបករណ៍មួយចំនួនដល់កម្ពុជា ដើម្បីការពារនូវវីរុសដ៏កាចសាហាវមួយនេះផងដែរ៕