នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកានេះ កម្ពុជារៀបចំបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចកំពូលប្រជុំពាក់ព័ន្ធ និងពិធីផ្ទេរដំណែងប្រធានអាស៊ានទៅឱ្យប្រទេសឥណ្ឌូនេស៊ី បន្តដឹកនាំអាស៊ានពីកម្ពុជា។
ថ្លែងនៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ថា៖ “ឆ្នាំនេះ គឺជារយៈពេល ១ ឆ្នាំ ពោរពេញទៅដោយអនុស្សាវរីយ៍ និងជាប្រវត្តិសាស្ត្រសម្រាប់រូបខ្ញុំផ្ទាល់ និងកម្ពុជា ដែលមានកិត្តិយសដ៏ឧត្តុង្គឧត្តម បានទទួលតំណែងជាប្រធានប្តូរវេនរបស់អាស៊ាន”។
សម្តេចតេជោបន្ត ខណៈដែលអាស៊ានបាននិងកំពុងខិតខំស្តារឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ និង ដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ានោះ ស្ថានភាពមិនរំពឹងទុក ក៏បានកើតមានឡើង ដែលមានប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សេដ្ឋកិច្ច និងសង្គម ។ ទោះជាយ៉ាងនេះក្តី អាស៊ានបានគ្រប់គ្រង និងសម្រប-សម្រួលលើបញ្ហាប្រឈមទាំងនោះ រហូតទទួលបានលទ្ធផលជាច្រើនគួរជាទីគាប់ចិត្ត ។ សម្តេចថ្លែងថា៖ យើងពិតជាបានអនុវត្តតាមមូលបទនៃភាពជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំនេះ «អាស៊ានរួមគ្នាធ្វើ៖ ដោះ- ស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN A.C.T: Addressing Challenge Together)» ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងបន្ថែមទៀតថា ខ្ញុំមានសេចក្តីរីករាយ ដែលកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ត្រូវបានបញ្ចប់ដោយជោគជ័យ និងសូមអគុណចំពោះកិច្ចសហប្រតិបត្តិការពេញលេញ ការគាំទ្រ និងភាពទន់ភ្លន់ ដែលបានផ្តល់ឱ្យដោយប្រទេសជាសមាជិកអាស៊ាន និងប្រទេសជាដៃគូ និងបាននាំមកនូវសមិទ្ធផលដ៏ច្រើនក្រៃលែងគួរជាទីមោទនៈ៕