សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល G20 តបការអញ្ជើញពីប្រធានាធិបតី លោក ចូកូ វីដូដូ ជាប្រធាននៃកិច្ចប្រជុំកំពូល G20 ក្នុងឆ្នាំ២០២២ ក្រោមមូលបទនៃភាពជាប្រធាន G20 របស់ឥណ្ឌូណេស៊ី «ស្តារឡើងវិញទាំងអស់គ្នា ស្តារឡើងវិញកាន់តែរឹងមាំ» រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។
នោក្នុងឪកាសនោះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំទី១ ស្តីពីសន្តិសុខស្បៀង និងថាមពល និងសម័យប្រជុំទី២ ស្តីពីបញ្ហាសុខភាព ដែលនឹងសង្កត់ធ្ងន់លើសារសំខាន់ នៃពហុភាគីនិយម និងកិច្ចសហការគ្នាឆ្ពោះទៅរកគោលដៅ នៃការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺរាតត្បាត។
ជាមួយគ្នានេះ ក្នុងអំឡុងពេលនៃការស្នាក់នៅកោះបាលី សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកម្មវិធីអាហារពេលល្ងាចក្រៅផ្លូវការ ដែលរៀបចំដោយលោកប្រធានាធិបតីបារាំង ហើយក៏រំពឹងថា នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយប្រមុខគណៈប្រតិភូមួយចំនួនផងដែរ។
ក្រៅពីចូលរួមកិច្ចប្រជុំកំពូល G20 ហើយ សម្តេចតេជោ ហ៊ុន សែន នឹងបន្តដំណើរបេសកកម្មការងារទៅចូលរួមកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC វិញ ក្នុងឋានៈជាភ្ញៀវរបស់ប្រធានកិច្ចប្រជុំកំពូល នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងបាងកក តបតាមការអញ្ជើញរបស់ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ។
ទន្ទឹមនឹងនោះ ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា នឹងថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចសន្ទនាក្រៅផ្លូវការនេះ ដោយផ្តោតលើការរីកចម្រើនប្រកបដោយចីរភាព។ សម្តេចតេជោ ក៏នឹងថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំទី២ ស្តីពី «ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយចីរភាពរវាង APEC និងដៃគូពាណិជ្ជកម្ម»៕