នៅឆ្នាំ ២០២២ នេះ ប្រទេសឥណ្ឌូនេស៊ី ទទួលបានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូល G20 លើកទី ១៧ ដែលនឹងត្រូវប្រព្រឹត្តិធ្វើឡើងក្នុងរយ:ពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅឯកោះបាលី ។
ជុំវិញកិច្ចប្រជុំដ៏កំពូលមួយនេះផងដែរ នឹងមានការចូលរួម ដោយប្រមុខមេដឹកនាំកំពូលៗជុំវិញពិភពលោកជាច្រើន ខណ:មានមួយចំនួន ក៏បានធ្វើដំណើរមកដល់ទឹកដីរបស់ប្រទេសឥណ្ឌូនេស៊ី ហើយផងដែរ ។
ប៉ុន្តែយ៉ាងណាក៏ដោយ យោងតាមការចុះផ្សាយពីសារព័ត៌មាន The Guardian ក្នុងពេលថ្មីៗនេះ បានបង្ហាញឱ្យដឹងថា ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនទៅចូលរួម នៅក្នុងកិច្ចប្រជុំ G20 នៅកោះបាលី នោះឡើយ បន្ទាប់ពីមន្ត្រីឥណ្ឌូនេស៊ី និងរុស្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នឹងគ្មានការជួបតទល់មុខគ្នា រវាងលោក ពូទីន និងលោក ចូ បៃឌិន ដូចការរំពឹងទុកនោះឡើយ ។
ដោយឡែក មន្ត្រីឥណ្ឌូនេស៊ី ក៏បានអះអាងផងដែរថា បើទោះបីជាគ្មានវត្តមានរបស់លោក ពូទីន ក្តី តែរុស្ស៊ី នៅតែបញ្ជូនអ្នកតំណាងប្រទេសរបស់ខ្លួន គឺរដ្ឋមន្ត្រីការបរទេសជើងចាស់ លោក Sergei Lavrov មកចូលរួមនៅក្នុងកិច្ចប្រជុំដ៏ធំនេះ ជំនួសវិញ។
បើតាមប្រភពខាងលើ បានបង្ហាញឱ្យដឹងទៀតថា លោក ពូទីន ប្រហែលជាចង់ចៀងវាង ការប៉ះទន្គិចគ្នា ជាមួយមេដឹកនាំរបស់ប្រទេសលោកខាងលិច ជាពិសេសជាមួយ លោក ចូ បៃឌិន តែម្តង ។
ជាងនេះទៅទៀត រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno LP Marsudi បានបញ្ជាក់ប្រាប់ទៅកាន់សន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីរបស់ប្រទេសប្រេស៊ីល និងប្រធានាធិបតីម៉ិកស៊ិក ក៏នឹងគ្មានវត្តមាន នៅកោះបាលី ក្នុងកិច្ចប្រជុំកំពូល G20 នេះនោះឡើយ ។
រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសម៉ិកស៊ិក លោក Marcelo Ebrard នឹងក្លាយជាអ្នកតំណាងរបស់ប្រធានាធិតី លោក Andres Manuel Lopez Obrador ដើម្បីចូលរួមកិច្ចប្រជុំ G20 នេះ ស្របពេលប្រធានាធិបតីប្រេស៊ីល លោក Jair bolsonaro នឹងចូលរួមកិច្ចប្រជុំតាមរយ:វីដេអូខល រួមជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ផងដែរ ៕