ថ្នាក់ដឹកនាំកម្ពុជា-ព្រុយណេ បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ ចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ទន្ទឹមគ្នានេះ ថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញារួមគ្នាថា នឹងបន្តពង្រឹងចំណងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់នានាឱ្យកាន់តែប្រសើរឡើងថែមទៀត។
នេះបើតាមសេចក្តីថ្លែងរួម ស្តីពីលទ្ធផលក្រោយ ក្នុងជំនួបទ្វេភាគីកាលព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ភាគីទាំងពីរបានប្តេជ្ញាគ្នាពង្រឹងលើវិស័យការពារជាតិ និងសន្តិសុខ, ពាណិជ្ជកម្ម ការវិនិយោគថាមពល, អប់រំ និងការអភិវឌ្ឍធនធានមនុស្ស, វប្បធម៌, ទេសចរណ៍, បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ និងសុខភាពសាធារណៈ។
ជាមួយគ្នានេះដែរ មេដឹកនាំទាំងពីរបានប្តេជ្ញាថានឹងជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដោយលើកទឹក ចិត្តដល់វិស័យឯកជនឱ្យស្វែងរកកាលានុវត្តភាពបន្ថែមទៀតក្នុងការធ្វើធុរកិច្ចលើវិស័យនានាដែលមាន សក្តានុពល និងធានានូវការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយក ពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
មិនតែប៉ុណ្ណោះ ភាគីទាំងពីរ ក៏បានឯកភាពផ្លាស់ប្ដូរបទពិសោធ និងឧត្តមានុវត្តល្អៗស្តីពីទំនើបភាវូបនីយកម្មផ្នែក ឧស្សាហកម្មឱ្យស្របតាមបដិវត្តន៍ឧស្សាហកម្ម ៤.០។
គួរបញ្ជាក់ដែរថា តាមរយៈសេចក្តីថ្លែងការរួមខាងលើ បានបញ្ជាក់ដែរថា ភាគីកម្ពុជាក៏បានលើកទឹកចិត្តឱ្យមានការវិនិយោគ ផ្ទាល់ពីព្រុយណេ ដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម និងឧស្សាហកម្មពឹងផ្អែកលើចំណេះដឹង និង បានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលកំពុងលេចធ្លោ ដូចជាសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថលផងដែរ៕