មុនកិច្ចប្រជុំកំពូល G20 ចាប់ផ្ដើមជាផ្លូវការ ប្រធានាធិបតីបារាំង Emmanuel Macron បានជួបសំណេះសំណាលជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង ហើយក្នុងជំនួបនោះផងដែរ មេដឹកនាំបារាំងបានស្នើសុំរដ្ឋាភិបាលចិន រួមដៃជាមួយបារាំង ដោះស្រាយបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
យ៉ាងណា ប្រធានាធិបតីចិនមិនបានធ្វើការឆ្លើយតបជាក់លាក់ពីសំណើខាងលើឡើយ ដោយលោកគ្រាន់តែបង្ហើបថា ប្រទេសទាំង ២ នៅតែរក្សាការលើកតម្កើងស្មារតីឯករាជ្យ ស្វ័យភាព ភាពបើកចំហ និងកិច្ចសហប្រតិបត្តិការ។ នេះបើតាមការចុះផ្សាយពី Theguardian។
សូមជម្រាបដែរថា កិច្ចប្រជុំកំពូល G20 នេះគឺជាដំណើរទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកទី ២ របស់លោក ស៊ី ជិនពីង តាំងពីផ្ទុះជំងឺរាតត្បាតកូវីដ ១៩ ហើយការប្រជុំសារនេះ មានថ្នាក់ដឹកនាំកំពូលៗជាច្រើន កំពុងតម្រង់ជួរចូលជួបជាមួយនឹងប្រធានាធិបតីចិន។
តួយ៉ាងដូចជា ព្រឹកថ្ងៃទី ១៥ វិច្ឆិកានេះ លោក ស៊ី ជិនពីង បានជួបសំណេះសំណាលជាមួយប្រធានាធិបតីបារាំង ហើយនៅរសៀលបន្តិចលោកនឹងជួបជជែកជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese ស្របពេលនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី Rishi Sunak បង្ហើបថា លោកក៏ចង់ឆ្លៀតឱកាសនេះ ជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិនផងដែរ៕