Sam Bankman-Fried ធ្លាប់ត្រូវបានមហាជនឲ្យរហ័សនាមថា ជាមនុស្សមានប្រាជ្ញាខ្ពស់ និងជាមហាសេដ្ឋីចិត្តបុណ្យ បន្ទាប់ពីមហាសេដ្ឋីលុយជាង ២០ ពាន់លានដុល្លាររូបនេះធ្លាប់ប្រកាសបរិច្ចាគទឹកប្រាក់របស់លោកទាំងអស់ ទៅកាន់អង្គការសប្បុរសធម៌។
មិនទាន់សម្រេចពាក្យសន្យាផង Sam ស្រាប់តែជួបរឿងស៊យបំផុតមួយ គឺទ្រព្យសម្បត្តិរបស់គេបានរលាយត្រឹមមួយប៉ប្រិចភ្នែក ក្រោយក្រុមហ៊ុន FTX ជាក្រុមហ៊ុនជួញដូររូបិយវត្ថុឌីជីថលធំបំផុតមួយ ប្រកាសក្ស័យធនកាលពីពេលថ្មីៗ។
យោងតាមការចុះផ្សាយពី Legit បានបង្ហាញថា ត្រឹមរយៈពេល ៨ ខែប៉ុណ្ណោះ ដែលទ្រព្យសម្បត្តិរបស់បុរសវ័យ ៣០ ឆ្នាំ របូតពីជាង ២៦ ពាន់លានដុល្លារ មកដល់ចំណុចសូន្យគិតត្រឹមថ្ងៃទី ១១ វិច្ឆិកា ២០២២។
សូមជម្រាបដែរថា ការប្រកាសក្ស័យធនរបស់ FTX ធ្វើឡើង បន្ទាប់ពី Sam ប្រកាសចុះចេញពីតំណែងជា CEO ហើយបច្ចុប្បន្ននេះទាំង Forbes និង Bloomberg បានដកឈ្មោះរបស់គេចេញពីបញ្ជីមហាសេដ្ឋីពិភពលោកទៀតផង៕