កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ធនាគារ វឌ្ឍនៈ បានរៀបចំខួបអនុស្សាវរីយ៍លើកទី ២០ របស់ខ្លួន ដែលបានប្រារព្ធធ្វើឡើងនៅ Vattanac Golf Resort ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
កម្មវិធីនេះមានការចូលរួមពីបុគ្គលិកធនាគារ វឌ្ឍនៈ សរុបប្រមាណជាង ៨០០ នាក់ រួមជាមួយគណៈគ្រប់គ្រងសាខាទាំង ៣៣ ការិយាល័យកណ្តាល ព្រមទាំងក្រុមប្រឹក្សាភិបាលនៃធនាគារ វឌ្ឍនៈ ដែលរួមមានអ្នកឧកញ៉ា សំ អាង, អ្នកឧកញ៉ា ឈុន លាង និងកូនប្រុសរបស់ខ្លួន អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ផងដែរ។
ខួបអនុស្សាវរីយ៍នេះ ត្រូវបានធ្វើឡើងដើម្បីរំលឹកពីការវិវត្តន៍របស់ធនាគារ តាំងពីថ្ងៃបើកដំណើរការដំបូង – ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០០២ រហូតមកដល់បច្ចុប្បន្ន ពិសេសជាងនេះ គឺដើម្បីបង្ហាញពីការត្រៀមខ្លួនក្នុងការឆ្ពោះទៅកាន់ឌីជីថលនីយកម្មនៃធនាគារ វឌ្ឍនៈ។ កម្មវិធីនេះបានបង្ហាញពីការសាទរ ក៏ដូចជាបានបញ្ជាក់ពីជំហររបស់ធនាគារ វឌ្ឍនៈ ជាថ្មីម្តងទៀត ក្នុងការប្តេជា្ញចិត្តដើម្បីបម្រើសេវាកម្ម ឱ្យបានកាន់តែប្រសើរជាងមុនទៀតជូនអតិថិជន។
សូមជម្រាបជូនថា ធនាគារ វឌ្ឍនៈ ដែលមានអ្នកឧកញ៉ា សំ អាង ជាប្រធានក្រុមប្រឹក្សាភិបាល បច្ចុប្បន្នមានចំនួន ៣៣ សាខា ដែលនៅរាជធានីភ្នំពេញមាន ១៣ សាខា និងនៅតាមបណ្តាខេត្តមាន ២០សាខា ដូចជា សៀមរាប បាត់ដំបង កំពង់ស្ពឺ ពោធិ៍សាត់ តាកែវ កំពង់ចាម ត្បូងឃ្មុំ (ក្រុងសួង) កំពង់ធំ បៃលិន ក្រុងប៉ោយប៉ែត កំពង់ឆ្នាំង ក្រចេះ រតនគិរី ព្រះវិហារ បន្ទាយមានជ័យ ព្រៃវែង ឧត្តរមានជ័យ កំពត ស្ទឹងត្រែង និងខេត្តកណ្តាល (ក្រុងតាខ្មៅ)៕