ចិន ចង់ពន្លឿនកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូង អំឡុងពិភាក្សាក្រៅកិច្ចប្រជុំកំពូល G20

អន្តរជាតិ

ប្រទេសចិន មានបំណងចង់ពន្លឿនកិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយប្រទេសកូរ៉េខាងត្បូង ខណ:ប្រទេសទាំងពីរកំពុងសម្លឹងរកមើលឱកាស ក្នុងការសហការគ្នា លើការផលិត​ឧបករណ៍​បច្ចេកវិទ្យាកម្រិតខ្ពស់ ទិន្នន័យទ្រង់ទ្រាយធំ និងសេដ្ឋកិច្ចបៃតង ជាដើម ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមការចុះផ្សាយរបស់​ទូរទស្សន៍​រដ្ឋចិន CCTV នៅពេលដែលប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ុន សុកយ៉ុល នៅឯកិច្ចប្រជុំកំពូល G20 លើទឹកដីកោះបាលី ប្រទេសឥណ្ឌូនេស៊ី ខណ:នេះ ក៏ជាការជួបពិភាក្សាទល់មុខគ្នាជាលើកដំបូង រវាងមេដឹកនាំប្រទេសទាំងពីរផងដែរ ។

អំឡុងកិច្ចពិភាក្សានោះ លោក ស៊ី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាបាន នូវខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល ប្រកបដោយសុវត្ថិភាព ស្ថិរភាព និងភាពរលូន ក៏ដូចជាបានលើកឡើង អំពីនយោបាយនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ។

ទន្ទឹមនឹងនោះ លោក យ៉ុន ក៏បានបង្ហាញក្តីសង្ឃឹម សម្រាប់ទំនាក់ទំនង ដែលមានផលប្រយោជន៍ទៅវិញទៅមក និងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសចិន ខណ:ពេលដែលកូរ៉េខាងត្បូង គឺជាប្រភពដ៏សំខាន់នៃការផ្គត់ផ្គង់ ផលិតផលបច្ចេកវិទ្យាកម្រិតខ្ពស់ សម្រាប់ប្រទេសចិន។

ជាងនេះទៅទៀត មេដឹកនាំកូរ៉េខាងត្បូង បាននិយាយថា លោកសង្ឃឹមថានឹងមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំង ដើម្បីអាចគ្រប់គ្រងបាន លើការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ក៏ដូចជាដោះស្រាយបញ្ហាក្នុងតំបន់ និងពិភពលោក រួមទាំងការប្រែប្រួលអាកាសធាតុផងដែរ៕