សហរដ្ឋអាមេរិក ជប៉ុន និងប្រទេសដៃគូ នឹងផ្តល់ហិរញ្ញប្បទាន ២០ ពាន់លានដុល្លារ ជួយឥណ្ឌូនេស៊ី ឱ្យងាកចេញពីធ្យូងថ្ម

អន្តរជាតិ

សហរដ្ឋអាមេរិក ជប៉ុន និងប្រទេសសមាជិក G20 មួយចំនួនទៀត នឹងរួមគ្នា ផ្តល់ហិរញ្ញប្បទានដល់ប្រទេសឥណ្ឌូនេស៊ី ចំនួន ២០ ពាន់លានដុល្លារអាមេរិក ដែលស្ថិតក្រោមហិរញ្ញវត្ថុសាធារណ: និងឯកជន ដើម្បីជួយដល់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះ ឱ្យងាកចេញឆ្ងាយពីការប្រើប្រាស់ថាមពលធ្យូងថ្មទាំងស្រុង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយ:កិច្ចព្រមព្រៀងនេះផងដែរ ត្រូវបានគេស្គាល់ថា ជាកិច្ចព្រមព្រៀងដៃគូផ្លាស់ប្តូរថាមពល (JETP) ដែលនឹងជួយប្រទេសឥណ្ឌូនេស៊ី បង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងជួយដល់កម្មករដែលកំពុងធ្វើការក្នុងវិស័យធ្យូងថ្ម ឱ្យផ្លាស់ប្តូរមកធ្វើការនៅក្នុងវិស័យថាមពលស្អាតជំនួសវិញ ។

កិច្ចព្រមព្រៀងមួយនេះ ក៏មានគោលបំណងធំ ក្នុងការជួយដល់វិស័យថាមពលរបស់ប្រទេសឥណ្ឌូនេស៊ី ឱ្យឈានដល់កម្រិតបំភាយឧស្ម័នពុល មកត្រឹមសូន្យ នៅក្នុងឆ្នាំ ២០៣០ ផងដែរ ។

JETP ដែលត្រូវបានប្រកាសធ្វើឡើង ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល G20 នៅឯកោះបាលី គឺជាផ្នែកមួយនៃការជំរុញដល់កិច្ចខិតខំប្រែងរបស់អង្គសហប្រជាជាតិ នៅក្រោយកិច្ចពិភាក្សាស្តីពីអាកាសធាតុ COP27 ដែលរៀបចំធ្វើឡើងនៅក្នុងប្រទេសអេហ្ស៊ីប កាលពីពេលកន្លងទៅ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងផ្លាស់ប្តូរពិភពលោក ឱ្យឆ្ពោះទៅរកថាមពលបៃតង ។

ជម្រាបជូនផងដែរ សម្រាប់កិច្ចព្រមព្រៀងមួយនេះផងដែរ គឺមានផែនការផ្តោតទៅលើថាមពលស្អាត យានយន្តអគ្គិសនី និងតម្រូវការនៃការវិនិយោគលើអ៊ីដ្រូសែនបៃតង ស្របពេលវាក៏បានដាក់ចេញផែនទីបង្ហាញផ្លូវ សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធថាមពលស្អាត តាមរបៀបគាំទ្រឱ្យងាកចេញពីប្រើប្រាស់ធ្យូងថ្មី និងជួយសម្រួលដល់សហគមន៍ដែលរងផលប៉ះពាល់ ថែមទៀតផង។​

សូមបញ្ជាក់ថា មូលនិធិនេះ នឹងត្រូវបានផ្តល់ជូនឥណ្ឌូនេស៊ី ដោយ International Partners Group ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងជប៉ុន ហើយក៏មានការចូលរួមពីប្រទេសកាណាដា ដាណឺម៉ាក សហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ អ៊ីតាលី ន័រវែស និងចក្រភពអង់គ្លេសផងដែរ៕