បញ្ហាស្រូវធ្លាក់ថ្លៃនៅស្រុកថ្មគោល និងបវេល ក្នុងដឹកដីខេត្តបាត់បង ត្រូវបានក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សម្របសម្រួលជាមួយឈ្មួញធានាទិញទាំងអស់ក្នុងតម្លៃទីផ្សារ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើតាមការឱ្យដឹងលើទំព័រហ្វេសប៊ុកផ្ទាល់របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា។
លោក ឌិត ទីណា បញ្ជាក់ថា នៅឃុំ ខ្នាចរមាស ស្រុកបវេល ថ្លៃស្រូវផ្ការំដួលសេីមគុណភាពល្អ ត្រូវបានធានាមិនឱ្យក្រោម៩០០០បាត/តោន = ១.០៤៤០០០៛/តោន ដែលជាការសន្យារបស់ឧកញ៉ា ភួ ពុយ នៅពេលទៅជាមួយក្រុមការងារក្រសួងចុះជួបជាមួយប្រជាកសិករកំពុងប្រមូលផល។
ឧកញ៉ា ភួ ពុយ ជាអ្នកតំណាងរាស្ត្រខេត្តបាត់ដំបង និងជាម្ចាស់រោងម៉ាស៊ីនកិនស្រូវ បៃតងកម្ពុជា ដ៏ល្បីប្រចាំខេត្តបាត់ដំបង។ នៅចំពោះមុខប្រជាកសិករ និងមន្រ្តីក្រសួងកសិកម្ម ឧកញ៉ា ភួ ពុយ បានបញ្ជាក់ប្រាប់ថា ប្រសិនបេីមានគេទិញតម្លៃក្រោមនឹង សូមកុំលក់ឱ្យគេ ទុកលក់ឱ្យលោកឧកញ៉ា ក្នុងតម្លៃ ៩០០០បាត/តោនស្រូវស្អាត។ តែបេីគេឱ្យតម្លៃលេីសនឹង អាចលក់ឱ្យគេបានរឹតតែល្អលោកសាទរ។
គួររម្លឹកថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ក្រសួងកសិកម្មបានចាត់ក្រុមការងារក្រសួងចុះសិក្សាបញ្ហារបស់ប្រជាកសិករនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ បន្ទាប់ពីអ្នកលេងបណ្តាញសង្គមបង្ហោះសារពីតម្លៃស្រូវមានការធ្លាក់ថ្លៃ ដែលក្រសួងចាត់ទុកថាព័ត៌មានមិនពិតអាចនឹងធ្វើឱ្យប្រជាកសិករប្រញាប់ប្រញាល់ប្រមូលផលច្រូតស្រូវមិនទាន់គ្រប់គុណភាពដើម្បីលក់ ដែលធ្វើឱ្យថ្លៃស្រូវកាន់តែធ្លាក់ចុះថែមទៀត។
ទន្ទឹមនឹងនោះ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានអំពាវនាវដល់ប្រជាកសិករដែលមានបញ្ហាជាក់ស្តែងសូមទាក់ទងទៅក្រុមការងារក្រសួង ដើម្បីអាចទទួលបានព័ត៌មានពេញលេញ និងធ្វើការសម្របសម្រួលជាមួយរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់។
បើតាមក្រសួងកសិកម្ម ពេញមួយខែវិច្ឆិកា រហូតដល់ពាក់កណ្ដាលខែធ្នូ គឺជាពេលវេលាប្រមូលផលស្រូវរដូវវស្សាជាពិសេសប្រភេទពូជស្រូវផ្ការំដួល ដែលជាហេតុធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវកំពុងកកស្ទះ និងជះឥទ្ធិពលដល់ថ្លៃស្រូវដូចកាលពីឆ្នាំកន្លងទៅដែរ។ ឆ្នាំនេះក៏ការប្រមូលផលនៅតែមានច្រើន និងសម្រុកធ្វើឡើងព្រមៗគ្នាចាប់ពីដើមខែវិច្ឆិកាមក។ បើទោះបីជាដំណាំស្រូវត្រូវរងផលប៉ះពាល់ដោយសារទឹកជំនន់ក៏ដោយ។
ក្រសួងបញ្ជាក់ថា នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រោងម៉ាស៊ីនកិនស្រូវជាច្រើនកំពុងមមាញឹកក្នុងការប្រមូលទិញ សម្ងួត និងកិនស្រូវប្រភេទផ្ការំដួលនេះ ទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន៕