រយៈពេល១០ខែ ឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ខែតុលា កម្ពុជារកចំណូលបានជាង ៣៩៦លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។
របាយការណ៍ពីអគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា ត្រឹមខែតុលា ឆ្នាំ២០២២នេះ កម្ពុជារកចំណូលពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៣៩៦,១៤០,៦៣៤ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៣៩២,៥៦៤,៥៩៧ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូចំនួន ៣,៥៧៦,០៣៧ដុល្លារ។
ដោយឡែកបរិមាណនៃការនាំចេញគិតត្រឹមខែតុលា ឆ្នាំ២០២២នេះដែរ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ២៦៤,៩១៨តោន ថយចុះចំនួន ១,៥៥២តោន ស្មើនឹង១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ១,៦៨៣ម៉ែត្រគូប។
របាយការណ៍ដដែលបញ្ជាក់ថា សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែតុលា ឆ្នាំ២០២២ ថ្លៃ ១,៤៨២ដុល្លារក្នុងមួយតោន បានថយចុះចំនួន ១៨១ដុល្លារ ក្នុងមួយតោន ស្មើនឹង១១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង២៣%៕