ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានលើកឡើងថា នៅកម្ពុជា អ្នកអភិវឌ្ឍន៍អចលនទ្រព្យមាន អ្នកអភិវឌ្ឍន៍ដីឡូត៍ អ្នកអភិវឌ្ឍន៍បុរី អ្នកអភិវឌ្ឍន៍ខុនដូ អ្នកអភិវឌ្ឍន៍ផ្សារ អ្នកអភិវឌ្ឍន៍រោងចក្រ អ្នកអភិវឌ្ឍន៍ឃ្លាំង -ល-។ ចុះបើចង់អភិវឌ្ឍន៍ដីឡូត៍ អភិវឌ្ឍន៍បុរី ឬអភិវឌ្ឍន៍គម្រោងអ្វីមួយ តើត្រូវចេះអ្វីខ្លះ?
១. ចំណេះដឹងផ្នែកសេដ្ឋកិច្ច
មនុស្សដែលមិនចេះសេដ្ឋកិច្ច អាចមានបានដោយសារតែឱកាស គឺមានតែមួយរយៈប៉ុណ្ណោះ ប៉ុន្តែឡើងលឿនប៉ុណ្ណា ដួលលឿនប៉ុណ្ណឹង។ ពាក្យថា ត្រូវមានចំណេះដឹងផ្នែកសេដ្ឋកិច្ច គឺយើងត្រូវយល់ពីបរិបទសេដ្ឋកិច្ចនៃប្រទេសយើង សេដ្ឋកិច្ចរបស់អាស៊ាន និងសេដ្ឋកិច្ចរបស់ពិភពលោក។ នៅពេលយើងរកស៊ី មានចំណេះដឹងសេដ្ឋកិច្ចហើយ មានន័យថា យើងរៀបចំបានត្រឹមត្រូវ ព្រោះយើងយល់ពីចរន្តនៃប្រាក់ និងតម្រូវការនៃការទិញ ហើយនឹងការគិតគូរបស់អ្នកផលិត។
បើយើងមិនចេះពីសេដ្ឋកិច្ចទេ គឺយើងធ្វើទាំងងងឹតងងុល ធ្វើទាំងគ្មានចំណេះដឹង កុំថាឡើយយើងមិនមានលុយ ទោះបីយើងមានលុយប៉ុនភ្នំ ក៏យើងរលាយដែរ។
២. ចំណេះដឹងផ្នែកនយោបាយ
អ្នកខ្លះថា យើងរកស៊ីសោះ ចាំបាច់យល់ដឹងពីនយោបាយ។ បើសិនជាពាណិជ្ជករទាំងឡាយណា មិនមានចំណេះដឹងនយោបាយទេ នោះពិតជាគ្រោះថ្នាក់ណាស់ ព្រោះអីប្រទេសជាច្រើននៅលើពិភពលោក គឺនយោបាយដឹកនាំសេដ្ឋកិច្ច ជាពិសេសនៅអាស៊ាន និងទ្វីបអាស៊ីយើង។ យើងត្រូវដឹងថា និន្នាការនយោបាយដើរដល់ណាហើយ ថ្ងៃក្រោយមានការផ្លាស់ប្តូរដូចម្តេច ឥឡូវស្ថានភាពបែបណា គឺយើងត្រូវចេះបត់បែនទៅតាមស្ថានភាពនយោបាយ។
ពាណិជ្ជករទាំងអស់ ត្រូវដើរតាមនិន្នាការរបស់នយោបាយ មានន័យថា ទឹកហូរទៅណាយើងហូរតាមហ្នឹង ព្រោះអ្នកសេដ្ឋកិច្ច និងអ្នករកស៊ី គឺដើរតាមអ្នកនយោបាយ មានន័យថា ថ្នាក់ដឹកនាំប្រទេសគឺជាមេរបស់យើង។ នៅពេលយើងដើរតាមផ្លូវនយោបាយដ៏ត្រឹមត្រូវ នោះយើងនឹងមានសុវត្ថិភាព ការរកស៊ីក៏ជោគជ័យ។ ប៉ុន្តែបើអ្នករកស៊ីផ្នែកអចលនទ្រព្យ មិនចេះនយោបាយ នោះជារឿងគ្រោះថ្នាក់ ហើយនឹងធ្វើឱ្យក្រុមហ៊ុនបរាជ័យឆាប់។
៣. ចំណេះដឹងផ្នែកប្រជាសាស្ត្រ
ពាណិជ្ជករខ្លះ រកស៊ីមិនយល់ពីកត្តាប្រជាសាស្ត្រនោះទេ។ កត្តាប្រជាសាស្ត្រ គឺនិយាយពីប្រជាជន ឧទាហរណ៍ថា គាត់ចង់ធ្វើគម្រោងនៅកន្លែងមួយណា ដូច្នេះត្រូវយល់ពីកត្តាប្រជាសាស្ត្រនៅតំបន់នោះ។ ហេតុអ្វី បានជាយើងមិនទៅធ្វើខុនដូនៅតាមខេត្ត បែរជានាំគ្នាធ្វើនៅតែភ្នំពេញ? នេះគឺវាទាក់ទងនឹងកត្តាប្រជាសាស្ត្រ មានន័យថា ដោយសារនៅខេត្តមិនសូវមានប្រជាជនច្រើន។ យើងចង់ធ្វើគម្រោងមួយណា ត្រូវយល់ពីកត្តាប្រជាសាស្ត្រនៅតំបន់នោះ។ គេធ្វើខុនដូ គឺគេធ្វើនៅកណ្តាលក្រុង ដោយសារខុនដូសង់លើអគារច្រើនជាន់ ដូច្នេះអ្នកដែលទិញគឺកន្លែងណាដែលមនុស្សនៅចង្អៀត មិនសូវមានដីទំនេរ។ បើយើងធ្វើដីឡូត៍ យើងមិនអាចពុះដីឡូត៍នៅខណ្ឌចំការមន ឬខណ្ឌ៧មករានោះទេ ព្រោះធ្វើដីឡូត៍នៅកណ្តាលក្រុង ដីថ្លៃ ហើយមនុស្សចង្អៀតខ្លាំង។ ដូច្នេះបើយើងអភិវឌ្ឍដីឡូត៍ គឺអាចធ្វើបាននៅកន្លែងណា ដែលដីទំនេរច្រើន ឬជាយៗក្រុង។
៤. ចំណេះដឹងផ្នែកភូមិសាស្ត្រ
កត្តាភូមិសាស្ត្រ គឺមានន័យថាតំបន់យើងអភិវឌ្ឍន៍ជាតំបន់បែបណា។ ឧទាហរណ៍ រាជធានីភ្នំពេញដូចគ្នា ប៉ុន្តែការអភិវឌ្ឍផ្នែកខាងត្បូង ខាងជើង ខាងកើត ខាងលិច គឺមិនដូចគ្នាទេ។ ខាងកើតរបស់រាជធានីភ្នំពេញ ជាកន្លែងលំនៅឋាន និងលំហែរកម្សាន្ត, ខាងលិចរាជធានីភ្នំពេញ គឺជាកន្លែងតំបន់ឧស្សាហកម្ម, ខាងជើងរាជធានីភ្នំពេញ គឺជាតំបន់លំនៅឋានលំដាប់អភិជនជំនាន់ថ្មី, ខាងត្បូងរាជធានីភ្នំពេញ ជាតំបន់អភិវឌ្ឍន៍ដោយកំពុងមានព្រលានយន្តហោះថ្មី។ បើយើងជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ យើងត្រូវយល់ពីកត្តាភូមិសាស្ត្របែបហ្នឹង បើយើងចង់ធ្វើអ្វី សួរសិនថា តើតំបន់ហ្នឹងអាចធ្វើអ្វីបាន? ឧទាហរណ៍ថា ខាងលិចរាជធានីភ្នំពេញ ជាកន្លែងតំបន់ឧស្សាហកម្ម មានន័យថា តំបន់រោងចក្រច្រើន មានមនុស្សច្រើន ប៉ុន្តែប្រជាជនមិនមែនជាអ្នកមានច្រើនទេ ដូច្នេះបើយើងសង់ខុនដូ នោះនឹងបរាជ័យ មិនដើរនោះទេ ដោយសារអ្នកនៅតំបន់នោះ មិនមានលុយទិញ។
លោកឧកញ៉ា បានបន្ថែមថា រាជធានីភ្នំពេញ មាន១២ខណ្ឌ មានប្រជាជន ៣លាននាក់ ដូច្នេះយើងត្រូវយល់ថា តើខណ្ឌនីមួយៗមានអ្វីខ្លះ? ខណ្ឌណាមានប្រជាជនរស់នៅច្រើនជាងគេ? ហើយអ្នកដែលនៅ ជាម្ចាស់ផ្ទះ ជាអ្នកជួលនៅ ជាអ្នកមាន ឬជាអ្នកក្រ ត្រូវតែយល់ពីចំណុចទាំងនេះ។ បើសិនជាយល់ពីកត្តាទាំង៤ខាងលើនេះហើយ ទោះមិនប្រាកដថាការអភិវឌ្ឍន៍ទៅបានជោគជ័យ ប៉ុន្តែវាក៏អាចជួយបានច្រើន ព្រោះជាចំណេះដឹងរួម សម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យត្រូវយល់ដឹង។
បុរី វិមានសំណាង របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីនបែបក្លាសិក វីឡាឃ្វីនបែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕