ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រសួងដែនដី ប្រជុំពិនិត្យប្លង់គោលប្រើប្រាស់ដីកោះរ៉ុង ចក្ខុវិស័យឆ្នាំ២០៣៨

ជុំវិញ​ឧកញ៉ា

នៅ​ព្រឹកថ្ងៃព្រហស្បតិ៍​ ទី១៧ ខែវិច្ឆិកា​ ឆ្នាំ២០២២​នេះ លោក​បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ​ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានដឹកនាំកិច្ចប្រជុំពិនិត្យប្លង់គោល​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​កោះរ៉ុង ខេត្តព្រះសីហនុ​ ដោយមានការចូលរួមពី​តំណាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប​ របស់​អ្នកឧកញ៉ា គិត ម៉េង ផងដែរ​ ​​តាម​រយៈប្រព័ន្ធ​អនឡាញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក​បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ​ ក្រសួង​រៀបចំដែនដី

ចក្ខុវិស័យដល់ឆ្នាំ២០៣៨ នៃ​ប្លង់គោល​ប្រើប្រាស់​ដី​កោះរ៉ុង គឺ​សំដៅ​រៀបចំ និង​អភិវឌ្ឍ “កោះរ៉ុង ជា​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​សមុទ្រ ដែល​ស្អាត​បំផុត​លើ​សកលលោក ដោយ​ផ្អែក​លើ​សក្តានុពល​សមុទ្រ កោះ ទឹកសមុទ្រ ពណ៌ខៀវ ឆ្នេរ​ខ្សាច់​ស ឧទ្យានសមុទ្រ ឧទ្យានកោងកាង ព្រៃឈើ ទឹកធ្លាក់ ព្រែក អូរ ពយ ភ្នំ និង​ទេសភាព​ធម្មជាតិ​ល្អ​ពិសិដ្ឋ” តាម​រយៈ​ការ​ជំរុញ៖

១. ការពារ​និង​អភិរក្ស​សមុទ្រ កោះ ទឹកសមុទ្រ​ពណ៌ខៀវ ឆ្នេរខ្សាច់​ស ឧទ្យានសមុទ្រ ឧទ្យានកោងកាង ព្រៃ​ឈើ ទឹកធ្លាក់ ព្រែក អូរ ពយ ភ្នំ និង​ទេសភាព​ធម្មជាតិ​ល្អ​ពិសិដ្ឋ ប្រកបដោយ​ចីរភាព និង​សោភណភាព។

២. រៀបចំ និង​អភិវឌ្ឍ​តំបន់​នគរូបនីយកម្ម​ធម្មជាតិ​ប្រណីត ប្រកបដោយ​ហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារ​និង​សេវា​កម្ម​បៃតង​ប្រណីត។

៣. រៀបចំ​រមណីយដ្ឋាន​ឧទ្យានជាតិ​សមុទ្រ ដែល​ស្អាត​បំផុត​លើ​សកលលោក។

៤. ជំរុញ​កំណើន​សេដ្ឋកិច្ច ទេសចរណ៍ អភិវឌ្ឍ​ធុរកិច្ច ការ​វិនិយោគ​សាធារណៈ​និង​ឯកជន ប្រកប​ដោយ​ភាព​ទាក់ទាញ ឧត្តមភាព​ប្រកួត​ប្រជែង​ខ្ពស់ និង​ការ​ឆ្លើយតប​បាន​ល្អ​ប្រសើរ។

សូម​ជម្រាប​ជូន​ថា កោះរ៉ុង មានផ្ទៃក្រឡាប្រមាណ ៧៨គីឡូម៉ែត្រក្រឡា ជាកោះធម្មជាតិដែលមានទំហំ​ធំ​ជាងគេ​លំដាប់ទីពីរនៅក្នុងប្រទេសកម្ពុជា មានចម្ងាយប្រហែល២៥គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ។

កោះរ៉ុង ត្រូវបានរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិសម្បទានទៅឲ្យក្រុមហ៊ុនឯកជនក្នុងស្រុក សហការជាមួយក្រុមហ៊ុន​បរទេសធ្វើការវិនិយោគ កាលពីឆ្នាំ២០០៨ គឺក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គាឡាក់ស៊ី គ្រុប របស់ចិន ដោយប្រើប្រាស់ទុនចំនួន ២ ពាន់លានយ័ន ឬ ប្រមាណជាង ២៨៥ លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍសណ្ឋាគារលំដាប់ផ្កាយ៥ និងរមណីយដ្ឋាននៅ​លើកោះរ៉ុង ក្នុងខេត្ត​ព្រះសីហនុ។ នៅក្នុងគម្រោងអភិវឌ្ឍកោះរ៉ុង ក្រុមហ៊ុនក៏គ្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ កាស៊ីណូ និងសណ្ឋាគារព្រមទាំងរោងចក្រផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យនិងអនុភាព 3MW ផងដែរ៕​